(ភ្នំពេញ)៖ គម្រោងចិត្តដូចគ្នា បានរៀបចំកម្មវិធីប្រកាសជ័យលាភី កម្មវិធីប្រកួតប្រជែង «ដើម្បីសង្គមជាតិ យើងអាចធ្វើបាន» រដូវកាលទី២ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ព្រមទាំងលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប។
លោកស្រី ងួន សូនី ប្រធានក្រុមការងារគម្រោងចិត្តដូចគ្នា បានថ្លែងថា កម្មវិធី «ដើម្បីសង្គមជាតិ យើងអាចធ្វើបាន» បានរៀបចំឡើងដោយគម្រោងចិត្តដូចគ្នា ដោយមានសិស្ស-និស្សិត ចំនួន២៥ក្រុម មកពីសាកលវិទ្យាល័យនានា ដោយក្រុមនីមួយៗប្រកួតប្រជែងលើប្រធានបទផ្សេងៗគ្នា រួមមាន សុវត្ថិភាពចំណីអាហារ ការកែលម្អសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ បញ្ហាបរិស្ថាន និងការងារសប្បុរសធម៌ជាដើម ហើយក្នុងចំណោម២៥ក្រុមនោះ បានប្រឡងជម្រុះ យក៦ក្រុមចុងក្រោយ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តល់ឱកាសដល់យុវជនកម្ពុជា ឲ្យបានចូលរួមក្នុងកិច្ចការសង្គមជាច្រើន ជាពិសេសលោកបានខិតខំដឹកនាំយុវជនលើកកម្ពស់កិត្តិយសជាតិ នៅលើឆាកអន្តរជាតិ។
ពិសេសតាមរយៈការបំបែកកំណត់ត្រាពិភពលោក Guinness World Record ដូចជា អន្សមយក្សអង្គរសង្ក្រាន្ត (៣.២តោន) ការរាំចង្វាក់ម៉ាឌីហ្សូន (២០១៥នាក់) ក្រមាវែងជាងគេ (១,១៤៩ម៉ែត្រ) និងទូក-ង វែងជាងគេ (៨៧.៣ម៉ែត្រ)។ ចំពោះវីរភាពរបស់លោកប្រធាន ធ្វើឲ្យអង្គការអន្តរជាតិជាច្រើន បានលើកទឹកចិត្ត និងផ្តល់កិត្តិយសជូននូវពានរង្វាន់ និងគ្រឿងឥស្សរិយយសដូចជា ពានរង្វាន់សន្តិភាព GUSI Peace Prize ពីប្រទេសហ្វីលីពីន ពានរង្វាន់ប្រជាជនអាស៊ាន The ASEAN People’s Award ពីប្រទេសម៉ាឡេស៊ី និងគ្រឿងឥស្សរិយយស Padma Shri ពីប្រទេសឥណ្ឌាជាដើម។
ចំណែកលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងដែរថា កម្មវិធីប្រកួតប្រជែងនៅថ្ងៃនេះ ជាកម្មវិធីមួយដ៏មានសារៈសំខាន់ ដើម្បីជួយឲ្យយុវជនបានប្រើប្រាស់បញ្ញាញាណ ទស្សនៈ ទេពកោសល្យ និងគំនិតឆ្នៃប្រឌិតផ្សេងៗ ពិសេសបង្ហាត់បង្រៀនឲ្យយុវជនចេះរៀនធ្វើការងារជាក្រុម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា «យុវជន ជាអ្នកបន្តវេនមិនអាចខ្វះបាន និងជាសសរទ្រូងដ៏រឹងមាំ ធ្វើឲ្យប្រទេសជាតិរីកចម្រើន»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានជំរុញដល់យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗទៀត ឲ្យបានច្រើន ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង។
បន្ថែមពីនេះ លោក ស៊ាន បូរ៉ាត បានអះអាងថា កម្មវិធីប្រកួតប្រជែងគម្រោងតាមរយៈការបង្កើត និងការអនុវត្តន៍គម្រោងនេះ គឺពិតជាបានផ្ដល់ឱកាស ដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានាទូទាំងប្រទេសកម្ពុជា អាចបញ្ចេញនូវទស្សនៈ ទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្សេងៗ។ ជាពិសេសការរៀនធ្វើការងារជាក្រុម ដើម្បីសង្គមជាតិ វិធីសាស្ត្រក្នុងការពង្រឹងទំនាក់ទំនងជាសាធារណៈ និងការបណ្ដុះចិត្តគំនិត បញ្ញាស្មារតីឲ្យមានភាពប្រាកដនិយម និងច្បាស់លាស់។
លោកបន្តថា កម្មវិធីដើម្បីស្ដារសង្គមជាតិយើង អាចធ្វើបានរដូវកាលទី២ របស់គម្រោងចិត្តដូចគ្នា ដែលបាននឹងកំពុងប្រារព្ធប្រកាសលទ្ធផលជ័យលាភីជាផ្លូវការ នាពេលនេះ គឺពិតជាការត្រួសត្រាយផ្លូវមាគ៌ាដ៏ល្អផូរផង់មួយ សម្រាប់យុវជនរបស់យើង ដែលជាធនធានអ្នកបន្តវេនប្រកបដោយថាមពល របស់ប្រទេសជាតិយ៉ាងពិតប្រាកដ។
បើតាមលោក ស៊ាន បូរ៉ាត ដើម្បីឲ្យសង្គមជាតិមានការអភិវឌ្ឍឲ្យបានខ្លាំងក្លាជាងនេះថែមទៀតនោះ យើងគួរគប្បីបន្តផ្ដល់នូវការលើកទឹកចិត្តឲ្យមានការចូលរួមចំណែកយ៉ាងសកម្មបំផុត ពីសំណាក់យុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ ធ្វើយ៉ាងណាឲ្យពួកគេក្លាយទៅជាគោលដៅវិនិយោគដ៏សំខាន់ ប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈប្រកួតប្រជែងទាំងក្នុង កម្រិតជាតិកម្រិតតំបន់ និងពិភពលោក។ ការចូលរួមចំណែកនេះ គឺពិតជាអាចជួយលើកកម្ពស់កម្ពុជា ឲ្យក្លាយទៅជាប្រទេសមួយ ដែលមានការអភិវឌ្ឍកម្រិតខ្ពស់នាពេលអនាគត៕