(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធាឌឺបេ កងពលតូចអន្តរាគមន៍លេខ៧ ឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈក្មេងស្រីម្នាក់ បានសម្រេច ក្រោយបានផឹកស្រវឹងជុំគ្នាជាឪពុកក្មេងរងគ្រោះ ស្ថិតនៅចំណុចភូមិសែនជយ័ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះថា ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហោន ឃ្លោក អាយុ២៧ឆ្នាំ មុខរបរយោធាវរៈសេនាតូចលេខ៣៧២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៧ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ស.ល អាយុ១២ឆ្នាំ រស់នៅចំនុចភូមិឃុំខាងលើ។
លោក ឱ សេង បានបន្តទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ និងឪពុកជនរងគ្រោះបានផឹកស្រាជុំគ្នា បន្ទាប់ពីផឹកស្រាស្រវឹងរៀងៗខ្លួន ក៏នាំគ្នាចូលដេក លុះម៉ោងប្រហែល១២យប់ ជនសង្ស័យក្រោកឡើងបត់ជើងតូច ក៏ឃើញក្មេងស្រីរងគ្រោះដេកជិតខ្លួន ពេលនោះជនសង្ស័យកើតចំណង់ផ្លូវភេទ ក៏បានចាប់ក្មេងស្រីរំលោភទាំងកំរោល ក្មេងស្រីរូបនេះ ក៏ស្ទុះរត់ចេញមកក្រៅយំស្រែកបង្កការភ្ញាក់ផ្អើលដល់ឪពុកម្តាយ និងអ្នកក្បែរខាងទាំងយប់ផងដែរ។
ជាមួយគ្នានោះ ឪពុកម្តាយសង្ស័យថា ជនសង្ស័យចាប់រំលោភកូនរបស់គាត់ តែគាត់មិនទាន់មានប្រតិកម្មអីភ្លាមៗនោះទេ លុះព្រឹកឡើងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គាត់ក៏នាំកូនស្រីមកឲ្យពេទ្យពិនិត្យ ក្រោយពិនិត្យដឹងថា កូនស្រីត្រូវបានជនសង្ស័យចាប់រំលោភ ឪពុកម្តាយជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឲ្យចាប់ជនសង្ស័យចាត់ការតាមច្បាប់។
លោកអធិការស្រុកបានឲ្យដឹងថា ក្រោយទទួលបានពាក្សបណ្តឹងពីគ្រួសារក្មេងស្រីរងគ្រោះ និងដោយមានការចង្អុលណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលស្រុកជាំក្សាន្ត បានសហការជាមួយឌឺបេកងពលតូចអន្តរាគមន៍លេខ៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕