(អាមេរិក)៖ នៅឯពិព័រណ៍រថយន្តអន្តរជាតិអាមេរិកខាងជើង ដែលគេនិយមហៅថា ពិព័រណ៍រ Detroit Auto Show ក្រុមហ៊ុនផលិតរថយន្ដចិន ជីអេស៊ី (GAC) បានយករថយន្ដអគ្គិសនីស៊េរីថ្មីរបស់ខ្លួន មកតាំងបង្ហាញ។
ពិព័រណ៍នេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ឱ្យក្រុមហ៊ុនផលិតរថយន្តទាំងឡាយ យករថយន្ដស៊េរីថ្មីរបស់ខ្លួនមកតាំងបង្ហាញ។ ដោយប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ពិព័រណ៍នេះ ក៏ជាកត្តាមួយដែលព្យាករណ៍ អំពីស្ថានភាពជារួមរបស់វិស័យរថយន្ដ និងព្យាករណ៍អំពីប្រជាប្រិយភាពរបស់រថយន្ដណាមួយ នាពេលអនាគតផងដែរ។
ភាពរីកចម្រើនថ្មីមួយ ដែលបានកើតមានឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺនៅត្រង់ថាមានក្រុមហ៊ុនផលិតរថយន្ដចិនកាន់តែច្រើន ដែលចូលមកបណ្ដាក់ទុន ក្នុងទីផ្សាររថយន្ដរបស់អាមេរិក។
លោក ម៉ៃខល ឌូន នាយកប្រតិបត្តិ ក្រុមហ៊ុន ZoZo Go និយាយថា «ចិន កំពុងគ្រងតំណែងលេខ១ ជាប្រទេសដែលផលិតនិងលក់ឡានច្រើនជាងគេ ក្នុងពិភពលោករួចទៅហើយ។ ប៉ុន្តែភាគច្រើននៃឡាន ដែលចិនផលិតនិងលក់នោះ គឺសុទ្ធតែប្រើនៅប្រទេសចិនទាំងអស់។ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ស្ថានភាពនេះគឺនៅដដែល។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៥មក យើងឃើញថាក្រុមហ៊ុនចិនបានបណ្ដាក់ទុនប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅទូទាំងពិភពលោក រួមទាំងនៅអាមេរិកផងដែរ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងវិស័យរថយន្ដរបស់ពិភពលោក»។
ក្រុមហ៊ុនផលិតរថយន្ដចិន ជីអេស៊ី បានសម្ពោធរថយន្ដអគ្គិសនីគំរូថ្មីរបស់ខ្លួន ហើយបើទោះជា ជីអេស៊ី គឺជាក្រុមហ៊ុនចិនតែមួយគត់ដែលចូលរួមក្នុងកម្មវិធីនាឆ្នាំនេះក៏ដោយ ក៏វានឹងអាចមានការផ្លាស់ប្ដូរដែរ ទៅថ្ងៃមុខ។
លោក ជែក ឆឹង សហស្ថាបនិក ក្រុមហ៊ុន NIO និយាយថា «រថយន្ដជំនាន់ដំបូងរបស់យើង ត្រូវបានតម្រូវទៅតាមស្ដង់ដាទីផ្សារអឺរ៉ុបរួចទៅហើយ ដូច្នេះពួកយើងនឹងអាចចូលទៅអឺរ៉ុប និងតំបន់ផ្សេងទៀតបានហើយ ពីព្រោះថាអាមេរិកគឺជាទីផ្សារដ៏សំខាន់ណាស់សម្រាប់ពួកយើងទៅថ្ងៃមុខ។ យើងនឹងត្រូវចំណាយពេលប្រហែល២ទៅ៣ឆ្នាំ ដើម្បីដើរឱ្យដល់គោលដៅនេះ»។
បញ្ហាពន្ធនាំចូល និងជម្លោះពាណិជ្ជកម្មដែលកំពុងបន្តរវាងចិននិងអាមេរិក នៅតែជាប្រធានបទដ៏ក្ដៅគគុកនៅឡើយនៅក្នុងកម្មវិធី។ ក្រុមហ៊ុនផលិតរថយន្ដទាំងឡាយ កំពុងតាមដានយ៉ាងដិតដល់អំពីការវិវឌ្ឍនៃបញ្ហាពន្ធនាំចូលនេះ។
លោក ដេវីដ វ៉ាង អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន Yanfeng Automotive Design ប្រចាំទ្វីបអាមេរិកខាងជើង និយាយថា «ក្រុមហ៊ុនយើងឆ្លើយឆ្លងគ្នាញឹកញាប់ណាស់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និងអតិថិជនរបស់យើង។ យើងនិយាយគ្នាអំពីថា តើពួកគាត់ចង់ដោះស្រាយបញ្ហានេះដោយវិធីណា។ យើងចង់បង្កើតផែនការរួមមួយ ដែលអាចកាត់បន្ថយហានិភ័យគ្រប់ប្រភេទទាំងអស់តែម្ដង។ ហើយក្នុងនាមជាក្រុមហ៊ុនចិន យើងត្រូវតែឈរជើងនៅក្នុងទីផ្សារឱ្យបាន។ យើងនឹងត្រូវដោះស្រាយឧបសគ្គគ្រប់ប្រភេទទាំងអស់តែម្ដង»។
ក្រៅពីរឿងពន្ធនាំចូលទៅ វិស័យរថយន្ដ ក៏នឹងងាកទៅផ្ដោតលើការផលិតរថយន្ដអគ្គិសនី និងរថយន្ដស្វ័យបើកបរផងដែរ ដើម្បីធ្វើបដិវត្ដវិស័យនេះ ហើយក្រុមហ៊ុនចិនមួយចំនួន កំពុងត្រៀមខ្លួនដើរតួជាភាគីដ៏សំខាន់នៅក្នុងរឿងនេះដែរ៕ (សារព័ត៌មាន CCTV របស់ចិន)