(ចិន)៖ ២០១៨ គឺជាឆ្នាំដំបូងហើយដែល GDP របស់ចិន មានចំនួនជាង១៣លាន២សែនលាន (ទ្រីលាន) ដុល្លារអាមេរិក។ អមជាមួយនឹងសូចនាករសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិចិនកាលពីថ្ងៃច័ន្ទ អ្នកជំនាញព្យាករណ៍ យ៉ាងប្រុងប្រយ័ត្នអំពីភាពរីកចម្រើននៃសេដ្ឋកិច្ចចិន។

វិទ្យាស្ថានដដែលបានប្រកាសថា ផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើង៦.៦ភាគរយក្នុងឆ្នាំ២០១៨ ហើយប្រទេសចិនរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោកជិត៣០ភាគរយ។

ក្នុងឆ្នាំ២០១៨ មានការងារថ្មីៗប្រហែល១៣លាន៦សែន១ម៉ឺនការងារ ត្រូវបានបង្កើតឡើងនៅតាមទីប្រជុំជន ពោល គឺមានចំនួនច្រើនជាងគោលដៅរបស់រដ្ឋាភិបាលទៅទៀត ដែលដៅបង្កើតការងារផ្នែកនេះ ត្រឹមតែ១១លានការងារប៉ុណ្ណោះ។ ឯប្រាក់ចំណូលក្រោយកាត់ពន្ធក្នុងប្រជាជនម្នាក់វិញ ក៏បានកើនឡើង៦.៥ភាគរយផងដែរ ពោលគឺស្របទៅតាមគោលដៅដែលរដ្ឋបានកំណត់តែម្ដង។

លោក ស៊ូ ហុងឆាយ អនុប្រធានផ្នែកសេដ្ឋកិច្ច មជ្ឈមណ្ឌលទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិចិន និយាយថា «មានសូចនាករ និងសញ្ញាល្អៗមួយចំនួន។ បើទោះជាអត្រាកំណើនសេដ្ឋកិច្ចមានល្បឿនយឺតជាងមុនក៏ដោយ ក៏សូចនាករអំពីគុណភាព ប្រសិទ្ធភាព និងរចនាសម្ព័ន្ធ មានលក្ខណៈល្អប្រសើរជាងមុនដែរ ដូច្នេះការអភិវឌ្ឍនេះ គឺបានងាកទៅរកការពង្រឹងកំណើនឱ្យមានគុណភាពខ្ពស់»។

វិស័យប្រើប្រាស់នៅតែជាវិស័យជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ ដោយវាបានចូលរួមចំណែកដល់ទៅ ៧៦.២ភាគរយ នៅក្នុងកំណើន GDP កាលពីឆ្នាំ២០១៨។

ឯតម្លៃបន្ថែមនៃវិស័យផលិតទំនើបវិញ បានកើនឡើង១១.៧ភាគរយ ក្នុងឆ្នាំ២០១៨ ធៀបនឹង២០១៧ ហើយ GDP ក្នុងប្រជាជនម្នាក់ៗ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០១៨ ប៉ុន្តែវានៅតែទាបជាងឆ្ងាយណាស់ បើប្រៀបនឹងប្រទេសជឿនលឿន។

លោក វ៉ាង ឆាងលីន អគ្គនាយករង បណ្ឌិតសភាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច និយាយថា «យើងគួរតែបំពេញទៅតាមតម្រូវការរបស់គណៈកម្មការមជ្ឈឹមរបស់បក្សកុម្មុយនិស្តចិន ហើយរក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើកំណែទម្រង់ ហើយផ្ដល់កម្លាំងជ្រោមជ្រែងបន្ថែមដល់ក្រុមហ៊ុនខ្នាតម៉ៃក្រូនិងក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុន។ ឱ្យតែយើងប្រើសក្ដានុពលទាំងនេះ ខ្ញុំគិតថា យើងនឹងអាចរក្សាកំណើនសេដ្ឋកិច្ចចិនឱ្យស្ថិតក្នុងអត្រាមធ្យមនិងខ្ពស់ បានដោយគ្មានបញ្ហាអ្វីនោះទេ»៕ (សារព័ត៌មាន CCTV របស់ចិន)