(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយ ដោយក្រើនរំលឹក ស្ដីពីការបង្ការជំងឺផ្ដាសាយបក្សីលើមនុស្ស និងការពុលចំណីអាហារ ឬស្រា ស្របពេលរដូវកាលនៃបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ កំពុងតែឈានមកដល់នាពេលខាងមុខនេះ ហើយប្រជាពលរដ្ឋជាទូទៅតែងតែមានការជួបជុំគ្នា ពិសារភេសជ្ជៈ និងចំណីអាហារជាដើម។
សេចក្ដីក្រើនរំលឹក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានណែនាំថា គួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។
ដោយឡែក ករណីពុលស្រា គឺបង្កឡើងដោយសារជាតិមេតាណុល ដែលមាននៅក្នុងស្រាលើសពីកម្រិតធម្មតា (០.១៥ភាគរយ) ដែលមានកើតឡើងនៅច្រើនកន្លែងទៅទូទាំងពិភពលោក ដោយសារស្រាដែលផលិត ឬបិត នៅតាមមូលដ្ឋានសហគមន៍មិនបានត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេស។
ការពុលស្រា បណ្ដាលឲ្យស្រវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។ រីឯការពុលចំណីអាហារវិញ គឺបង្កឡើងដោយសារចំណីអាហារចម្អិនមិនបានល្អ មិនស្អាត មានមេរោគ ជូរផ្អូម ឬមានសារធាតុគីមី ដែលបណ្ដាលឲ្យមានបញ្ហាសុខភាព ដូចជាឈឺពោះ រាករូស និងក្អូតជាដើម៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំក្រើនរំលឹក ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖