(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា មានកំណើនកើនដល់៧.៣% នៅឆ្នាំ២០១៨ ដែលនេះជាកំណើនដ៏ខ្ពស់មួយបើធៀបនឹង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឲ្យដឹង ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះថា «ក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចពិភពលោកក៏មានកំណើនល្អ ប្រហាក់ប្រហែលឆ្នាំ២០១៧ដែរ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្ដី»។
អគ្គទេសាភិបាលឲ្យដឹងថា ជាមួយគ្នានេះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា មានលំនឹងល្អប្រសើរ ដោយអត្រាអតិផរណាមានកម្រិតទាប អត្រាប្ដូរប្រាក់មានស្ថិរភាពតាមការគ្រោងទុក ហើយទុនបម្រុងអន្ដរជាតិក៏បានកើតឡើងជាលំដាប់ និងស្ថិតក្នុងកម្រិតខ្ពស់ស្មើនឹង៥ខែ នៃការនាំចូលទំនិញ និងសេវានៅឆ្នាំបន្ទាប់។
លោកបន្ដថា កំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយការបន្តហូរចូល នៃវិនិយោគផ្ទាល់បរទេស កំណើនខ្ពស់នៃការនាំចេញ និងភាពរឹងមាំនៃតម្រូវការ ក្នុងស្រុកគួបផ្សំនឹងការអនុវត្ត គោលនយោបាយសមស្របរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើនព្រមទាំងភាពអំណោយផលនៃ បរិយាកាសសេដ្ឋកិច្ចពិភពលោក និងតំបន់។
ជាមួយនឹងសន្និបាតប្រចាំឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា ក៏បានរៀបចំពិធីផ្តល់រង្វាន់ដល់មន្ត្រី-បុគ្គលិក ដែលមានអតីតភាពការងារដល់៣០ឆ្នាំ និងពិធីចែកសញ្ញាបត្រ ព្រមទាំងផ្តល់រង្វាន់ជូនមន្ត្រីប្រឡងជាប់ កម្មវិធីបណ្តុះបណ្តាលឯកទេសកម្ម ពិសេសជំនាញត្រួតពិនិត្យធនាគារ NBC-FSI Connect និងជំនាញ CFA, CIA និងFPP ផងដែរ៕