(ភ្នំពេញ)៖ រយៈពេល០៣ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ, ឫស្សីកែវ, ច្បារអំពៅ និងខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០៧ផ្សេងគ្នា ជាបន្តបន្ទាប់ និងដកហូតបានក្រាមពណ៌សថ្លា៣៥កញ្ចប់(ប្រភេទម៉ាទឹកកក) និងថ្នាំគ្រាប់ពណ៍ផ្កាឈូក០៦គ្រាប់ ដើម្បីបញ្ជូនទៅតុលាការចាត់ការនីតិវិធី។
មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់នោះរួមមាន ទី១៖ឈ្មោះ តុង ភារុណ អាយុ២៨ឆ្នាំ, ទី២៖ឈ្មោះ យ៉េប ក្រៃ អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ ហ៊ីម ភីរ៉ូ អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ថាំង ប៊ុនថង អាយុ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៨៖៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ទី៥៖ឈ្មោះ ហម ចិន អាយុ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០១៖១០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៩០៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ទី៦៖ឈ្នោះ លឹម ចន្ធី អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖៣០នាទី នៅចំណុចច្រាំងបាក់ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ទី៧៖ឈ្មោះ ឆាង ង៉ា អាយុ១១ឆ្នាំ (អនិតិជន) ក្មេងមិនទាន់គ្រប់អាយុ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២៖១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង០៧នាក់ខាងលើ បានសារភាពឲ្យដឹងថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕