(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន៤បន្ថែមទៀត ក្នុងខេត្តព្រះសីហនុ ក្រោយគម្រោងធំៗចំនួន២ បានបញ្ចប់ជាស្ថាពរ និង៨គម្រោងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់។
លោក ឈួវ គួរស៊ីញ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងដូចនេះនាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅក្នុងពិធីជួបជុំបុគ្គលិករបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រមាណ១ពាន់នាក់ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ។
លោក ឈួវ គួរស៊ីញ បានឱ្យដឹងថា ឆ្នាំ២០១៩នេះ គម្រោងចំនួន៤ទីតាំងទៀត នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ រួមមានដូចជា ព្រីនស៍ ហេបភីនេស ផ្លាហ្សា, ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ខេត្តព្រះសីហនុ, មន្ទីរពេទ្យ, បុរីផ្ទះវីឡានៃគម្រោងព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ កោះតាកៀវ ដែលមានផ្ទៃដីសរុប១៩៦ម៉ឺនម៉ែត្រការ៉េ និងផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ ៤៣.៩៨ម៉ឺនម៉ែត្រការ៉េ។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល ដែលមានលោកប្រធាន ចេន ហ្ស៊ី ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រមូលផ្តុំកម្លាំងបុគ្គលិកចំនួន៩៧៨នាក់ ហើយផ្តោតលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ «បេះដូងមួយ និងស្លាបពីរ» គឺយករាជធានីភ្នំពេញជាបេះដូង ហើយយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ដើម្បីសំដៅអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ។
លោកបន្តថា នៅក្នុងឆ្នាំ ២០១៨ គម្រោងចំនួនពីរ បានបញ្ចប់ការសាងសង់ជាស្ថាពរ រួមមានមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ស្ថិតនៅរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១៦,៣០០ ម៉ែត្រការ៉េ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល ស្ថិតក្នុងខេត្តព្រះសីហនុ មានផ្ទៃក្រឡានៃសំណង់អគារសរុប ១៣៣,៤០០ ម៉ែត្រការ៉េ។
លោកបានបន្ថែមថា ក្រៅពីគម្រោងទាំងពីរ ដែលត្រូវបានបញ្ចប់ខាងលើនេះ គម្រោងចំនួន៨ទៀត បានកំពុងស្ថិតក្នុងការសាងសង់ ដែលរួមមាន ព្រីនស៍ ម៉ូឌើន ផ្លាហ្សា, ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា, មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ, សួនឧស្សាហកម្ម ខេម អិម ជេ ផាក, អគារទីស្នាកការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, ព្រីនស៍ អាយធី បៀលឌីង, ព្រីនស៍ ធាន ស៊ី វ៉ាន និងព្រីនស៍ ស្មាតហ្គាឌិន ដែលជាគម្រោងដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ ស៊ីធី សេនធើ ដែលមានផ្ទៃដីសរុបប្រមាណ ៤៨១,៣០០ ម៉ែត្រការ៉េ ហើយមានផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ ៨៥៩,៨០០ម៉ែត្រការ៉េ។
លោកបានបន្ថែមថា ក្នុងឆ្នាំ២០១៩នេះ មិនថាជួបប្រទះជួបនូវឧបសគ្គអ្វីនោះទេ លោកជឿជាក់ថា សមាជិកព្រីនស៍ រៀល អ៊ីស្ទេត គ្រប់រូបនឹងខិតខំប្រឹងប្រែងបំពេញការងារ តាមកាតព្វកិច្ចរៀងៗខ្លួន យកទំនួលខុសត្រូវ និងសំពាធប្រែក្លាយជាកម្លាំងជំរុញទៅមុខ ប្រកបដោយគុណភាពខ្ពស់ដូចការរំពឹងទុក និងដោយការពឹងផ្អែកលើភាពអត់ធ្មត់ និងសេចក្តីខ្ជាប់ខ្ជួន ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងផ្លាស់ប្ដូរូបរាងថ្មី និងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ផងដែរ៕