(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ញើលិខិត១ច្បាប់ជូន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់លោឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន យ៉ាងដូច្នេះថា៖ «ចំពោះករណីស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) អគ្គនាយកដ្ឋានពន្ធដារ បានស្នើមកក្រសួងព័ត៌មាន មុនផ្តល់អាជ្ញាប័ណ្ណ ឬផ្តល់ការអនុញ្ញាតឲ្យចុះបញ្ជីស្របច្បាប់ដល់ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នេះគួរភ្ជាប់នូវលក្ខខណ្ឌនៃការគោរពកាតព្វកិច្ចសារពើពន្ធជាមុន»។
កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង។ ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យអាស៊ីសេរី (RFA) កន្លងមក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងពុំបានយកចិត្តទុកដាក់នូវការអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារនោះទេ ហើយក្រោយមក វិទ្យុទាំងពីរនេះ បានសម្រេចបិទការិយាល័យតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយខ្លួនឯងហើយពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចទៀតផង៕