(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចបានរង់ចាំយ៉ាងអន្ទះសា ចំពោះការវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ ដែលកំពុងមានទោស គ្រាដែលក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវដីលាតុលាការ ដើម្បីចាប់ខ្លួនទណ្ឌិតរូបនេះមកអនុវត្តទោស បើសិនជាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចអ្វីដែលប្រកាសកន្លងមក។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអត់ចង់តមាត់តកអ្វីទេ ព្រោះខ្ញុំក៏ចង់ឱ្យអ្នកមក ទីកន្លែងដែលអ្នកត្រូវនៅ តាមសាលក្រមរបស់តុលាការ ខ្ញុំចង់ណាស់ ខ្ញុំរង់ចាំយ៉ាងអន្ទះសា អ្នកត្រូវដឹងសាលក្រមតុលាការ។ ម្សិលមិញសម្តេចក្រឡាហោម បានប្រកាសហើយថា បានទទួលដីកាឱ្យចាប់អាហ្នឹងហើយ ដូច្នេះមានស្អី? ស្តាយណាស់ដែលឱ្យអ្នកឯងរត់រួច តែឥឡូវអ្នកឯងមកវិញ ស្មើនឹងរកអុស ប្រទះឈើងាប់ សូមផ្តាំទៅ»។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងបក្ខពួក ដែលអះអាងថាជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំមួយនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ដោយលទ្ធផលនៃកិច្ចប្រជុំនេះ គឺសម្រេចរៀបចំដំណើរវិលត្រឡប់របស់ លោក សម រង្ស៉ី មកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។
លោក សម រង្ស៉ី នាពេលកន្លងទៅ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់ចោទប្រកាន់ដោយគ្មានមូលដ្ឋានលើ សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់ លោកបណ្ឌិតកែម ឡី ជាដើម។ ក្រៅពីនោះ លោកកំពុងមានក្តីក្តាំនៅតុលាការជាច្រើនទៀត។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មី នៅលើបណ្តាញសង្គម Facebook ថា សមត្ថកិច្ច បានទទួលដីការតុលាការរួចហើយ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិមកអនុវត្តទោស។
សម្តេចបានបញ្ជាក់ថា លោក សម រង្ស៉ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ហើយថាទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួនមិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញឬយ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៉ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។ ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៉ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់សម្តេចចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈរួចហើយផងដែរ។
ទោះជាយ៉ាងនេះក្តី ការប្រកាសវិលត្រឡប់របស់ លោក សម រង្ស៉ី ចូលប្រទេសកម្ពុជាដើម្បីអនុវត្តទោសនេះ មិនមែនជារឿងថ្មីនោះទេ។ លោក សម រង្ស៉ី ធ្លាប់បានប្រកាសថា លោកមានបំណងត្រឡប់ចូលប្រទេសកម្ពុជាម្តងហើយម្តងទៀត ចាប់ពីលោកបាននិរទេសខ្លួនឯង ទៅក្រៅប្រទេស កាលពីចុងឆ្នាំ២០១៥មក ប៉ុន្តែជាក់ស្តែង លោកមិនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលធ្លាប់សន្យានោះឡើយ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតដែរនោះ សម្តេចតេជោ ហ៊ុន សែន បានចំអកដល់ថា លោក សម រង្ស៉ី មិនខុសពីសត្វឈ្លូស ដែលតែងតែរត់ចុះរត់ឡើង នាពេលកន្លងមក៕