(កំពត)៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកំពត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ចំណូលពីស្ថាប័នគយ និងរដ្ឋាករកម្ពុជាក្នុងមួយខែៗ ទទួលបានចំណូលតិចបំផុតចំនួន២០០លានដុល្លារសហរដ្ឋអាមេរិកឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឲ្យដឹងថា កាលពីមុនមានស្ថាប័នមួយចង់ទិញគយកម្ពុជា ដោយតម្រូវឲ្យចែកគ្នា៥០ភាគរយម្នាក់ (រដ្ឋ៥០ភាគរយ និងឯកជន៥០ភាគរយ) និងបានប្រាប់ថា បើសិនជាមិនលក់ទេ គយកម្ពុជាគ្មានសមត្ថភាព ប្រកួតប្រជែងជាមួយគេនោះទេ ប្រាកដណាស់គឺច្បាស់ជាក្ស័យធនជាមិនខាត។

នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «គយក្នុងមួយខែទទួលបានចំណូលទាបបំផុត២០០លានដុល្លារ នៅក្នុងឆ្នាំ២០១៨ ឥឡូវគយឆ្នាំនេះ នឹងមានចំនួនកើនឡើងទៀត។ ចុះបើខ្ញុំព្រមលក់តាមគេ ដូចកាលនោះ ៥០ភាគរយរដ្ឋ ៥០ភាគរយឯកជន អីចឹង១០០លានដុល្លារ នឹងបានទៅ​ឯកជន រដ្ឋនៅសល់តែ១០០លានដុល្លារ។ ខ្ញុំសម្រេចចិត្ដត្រូវ ខ្ញុំអត់លក់ទេ ព្រោះគយជាសេវាអធិបតេយ្យ គយត្រូវបំពាក់អាវុធ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលដែលបរទេសចង់ទិញគយពីកម្ពុជានោះ សម្តេចបានប្រឆាំងយ៉ាងខ្លាំង មិនឲ្យមានការលក់គយឡើយ ទោះបីជាពួកគេគម្រាមមិនផ្តល់ជំនួយក៏ដោយ។ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ការមិនលក់គយនេះ គឺបញ្ជាក់ថា ខួរក្បាលរបស់កូនខ្មែរ មិនចាញ់បរទេសឡើយ។

សូមជម្រាបថា ឆមាសទី១ ឆ្នាំ២០១៨នេះ ចំណូលពីការប្រមូលពន្ធដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រមាណ ៤,៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ១,១៧២លានដុល្លារអាមេរិក៕