(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅស្រុកចំការលើ ស្រុកបាធាយ និងស្រុកស្រីសន្ធរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកចំការលើ ស្រុកបាធាយ និងស្រីសន្ធរ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ចំនួន០៤ករណី ឃាត់ជនសង្ស័យចំនួន០៦នាក់ ក្នុងនោះស្រុកចំការលើ០១ករណី ឃាត់ម្នាក់, ស្រុកបាធាយ០២ករណី ឃាត់០៤នាក់ និងស្រុកស្រីសន្ធរ០១ករណី ឃាត់ខ្លួនម្នាក់។
បើតាមរបាយការណ៍ដដែល ជនសង្ស័យទី១៖ឈ្មោះ សយ ស្រស់ អាយុ២២ឆ្នាំ នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ, ទី២៖ឈ្មោះ ចំរើន វីរ: អាយុ២២ឆ្នាំ នៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកបាធាយ, ទី៣៖ឈ្មោះ ចំរើន សុខជ័យ អាយុ១៦ឆ្នាំ នៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកបាធាយ, ទី៤៖ឈ្មោះ ចំរើន ធារូត អាយុ២៥ឆ្នាំ នៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកបាធាយ, ទី៥៖ឈ្មោះ ហំ សម្បត្តិ អាយុ២៧ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំផ្អាវ ស្រុកបាធាយ និងទី៦៖ឈ្មោះ ឆេន ណាំឈាវ អាយុ២២ឆ្នាំ នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន២៤កញ្ចប់, សំណាក០៤កញ្ចប់, ប្រាក់ញុះញង់ចំនួន១០០,០០០រៀល, ទូរស័ព្ទដៃ០៧គ្រឿង, អាវុធកែច្នៃ (កាំភ្លើងខ្យល់) ០២ដើម, ឧបករណ៍សេព និងសម្ភារវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕