(កំពត)៖ ថ្លែងចេញពីខេត្តកំពត ក្នុងឱកាសចុះជួបជាមួយកម្មករ-កម្មការិនីប្រមាណ១ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់អ្នកធ្វើធុរកិច្ចនៅកម្ពុជា ត្រូវជឿជាក់ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែងទីផ្សារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការដោះស្រាយបញ្ហាបញ្ចុះថ្លៃអគ្គិសនី ដកចេញនូវវត្តមានកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងលុបស្ថាប័នភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ដែលដើម្បីកាត់បន្ថយភាពសុំាញាំ ដល់ការធ្វើការនាំចេញនាំចូល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ថ្ងៃនេះខ្ញុំសុំបញ្ជូនជាសារទៅកាន់ធុរកិច្ចជនទាំងឡាយ ឲ្យហ្នឹងហ្ន៎ចិត្តនៅក្នុងការចាប់យកកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង ដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែង ទៅលើទីផ្សារ ក្នុងនោះតម្លៃអគ្គិសនីបានចាប់ផ្តើមចុះហើយនៅក្នុងឆ្នាំនេះ ហើយនេះក៏ជាសមទ្ធិផលដែលនាំទៅដល់កំណើនប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករ កម្មការិនីរបស់យើង១៨២ដុល្លារអាមេរិក។...មិនថាតែក្នុងវិស័យឧស្សាហកម្មទេ ប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទទួលផល ពីការធ្លាក់ចុះនៃតម្លៃអគ្គិសនី»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ម្សិលមិញខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ ដើម្បីបញ្ចប់វត្តមានកាំកុងត្រូល នៅតាមមាត់ច្រកទាំងអស់ ដើម្បីកាត់បន្ថយភាពសុំាញាំនៃការនាំចេញនាំចូល ក្នុងដំណើរការធ្វើធុរកិច្ច ហើយយើងនឹងបន្តពិនិត្យទៀត គោលដៅរបស់ខ្ញុំទុកតែ២ទេ ទុកតែនគរបាលអន្តោប្រវេសន៍ ជាមួយនឹងគយ។ ឥឡូវបើសិនជានៅមានសល់ផ្នែកសិកម្ម ឬផ្នែកអ្វីផ្សេងទៀត ត្រូវដកទៀត តែនឹងដកនៅពេលក្រោយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងការដកវត្តមានកាំកុងត្រូល នៅតាមច្រកទ្វារព្រំដែន ប្រាក់ចំណូលដែលរាជរដ្ឋាភិបាល ធ្លាប់ទទួលបានជាង៣០លានដុល្លារអាមេរិកត្រូវបាត់បង់ ប៉ុន្តែវិស័យឯកជនវិញអះអាងថា ខ្លួននឹងចំណេញវិញ៤០លានដុល្លារ ព្រោះបង់ផ្លូវការប្រហែល៣០លានដុល្លារ និងបង់មិនផ្លូវការប្រហែល១០លានដុល្លារទៀត។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បន្ទាប់ពីដកកាំកុងត្រូលចេញពីច្រកទ្វារព្រំដែននោះ មុខងាររបស់កាំកុងត្រូលត្រូវផ្តល់ឲ្យស្ថាប័នគយជាអ្នកទទួលខុសត្រូវជំនួស។
លោកបន្តថា សព្វថ្ងៃនេះមានតែប្រទេសកម្ពុជាមួយ ដែលមានមន្ត្រីកាំកុងត្រូលនៅតាមព្រំដែន ខុសពីប្រទេសគេផ្សេងៗទៀត ហើយបើសិនជា ដកកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន ទុកឲ្យគយជាអ្នកគ្រប់គ្រងវិញ វាអាចជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ដើម្បីយកទៅផ្គត់ផ្គងលើចំណាយផ្សេងៗវិញ៕