(កំពត)៖ ដូចអ្វីដែលបានគ្រោងទុក ផ្លែចេកអំបូងលឿង (Cavendish) របស់ប្រទេសកម្ពុជា ដែលជាការវិនិយោគរួមគ្នាដោយវិនិយោគិនខ្មែរ និងចិន នូវទឹកប្រាក់៣២លានដុល្លារ សម្រាប់ការដាំដុះដំណាំចេក នៅលើផ្ទៃដីជាង១,០០០ហិកតា នៅក្នុងស្រុកឈូក ខេត្តកំពត ពេលនេះបាននាំចេញទៅកាន់ប្រទេសចិនហើយ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ។

លោកឧកញ៉ា ផែ ហុកឈួន បានបញ្ជាក់ថា «យើងបាននាំចេញចេកអំបូងលឿង ដែលជាពូជចេកអំបូរ (Cavendish) ដែលប្រមូលផលលើកដំបូង ទៅប្រទេសចិន ជាបណ្តោះអាសន្នសិន ដោយសារតែពិធីសារដែលកម្ពុជា បានចុះហត្ថលេខារួចហើយជាមួយភាគីចិននោះ នៅរង់ចាំភាគីចិនចុះមកពិនិត្យវាយតំលៃកសិដ្ឋានចំការចេក នៅខេត្តកំពត នៅពាក់កណ្តាលខែកុម្ភៈខាងមុននេះ បន្ទាប់ពីយើងទទួលបានការបញ្ជាក់ជាផ្លូវការពេលនោះ អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនតែម្តង»

បើតាមការបញ្ជាក់របស់លោកឧកញ៉ា ការនាំចេញលើកដំបូងក្នុងដំណាក់កាលសាកល្បងបានចាប់ផ្តើមនៅដើមសប្តាហ៍ទី១ ខែមករា មានចំនួនពី២០ទៅ៤០តោនជារៀងរាល់ថ្ងៃ ហើយនឹងកើនបរិមាណទ្វេគុណ នៅពេលកម្ពុជាអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន។

លោកឧកញ៉ាបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុនគ្រោងនាំចេញផ្លៃចេកស្រស់ចន្លោះពី២០,០០០ ទៅ២៥,០០០តោន ដែលនាំចេញទៅទីផ្សារអន្ដរជាតិ។ គោលដៅសំខាន់របស់ក្រុមហ៊ុន គឺការនាំចេញច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ដោយឡែកទីផ្សារដែលគ្រោងនាំចេញមុនគេ គឺប្រទេសចិនបន្ទាប់មក គឺបណ្ដាទីផ្សារប្រទេសផ្សេងទៀត។

គម្រោងវិនិយោគកសិដ្ឋានចំការចេកនេះ បានស្រូបកំលាំងពលកម្មដើយបង្កើតការងារជូនប្រជាពលរដ្ឋ រហូតដល់ប្រមាណជាង១,០០០នាក់ ដើម្បីដាំដុះ ថែទាំ ប្រមូលផល និងកែច្នៃវេចខ្ចប់ផលចេកសម្រាប់នាំចេញក្នុងឆ្នាំ ២០១៩ ហើយចំនួនពលកម្មនេះនឹងកើននៅឆ្នាំបន្ទាប់។

នៅព្រឹកថ្ងៃទី២៥​ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ឱកាសចុះជួបកម្មករ កម្មការិនីប្រមាណ១ម៉ឺននាក់នៅខេត្តកំពត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន ឡងមេត ​បានចូលរួមបង្កើតការងារជូនកម្មករ ដោយទទួលបានប្រាក់បៀវត្សអប្បបរមា១៨២ដុល្លារ កម្មការិនីរោងចក្រដែរ។ លើសពីនេះកសិដ្ឋានបានផ្តល់ជូនដល់កម្មករ នូវសេវាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃផងដែរ ដែលជាក្រុមហ៊ុនផ្នែកកសិកម្មឈានមុខគេ។

សូមជម្រាបថា កាលដើមខែសីហានេះ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការ​នាំចេក​កម្ពុជា ​ទៅកាន់ប្រទេសចិន រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ តំណាងឲ្យស្ថាប័នក្រសួងគយសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតេយភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ពិធីសារនេះ ដើម្បីបើកផ្លូវឲ្យកម្ពុជាអាចនាំចេញផ្លែចេក ទៅកាន់ទីផ្សារ​ប្រទេសចិនដោយផ្ទាល់បាន៕