(ព្រះវិហារ)៖ ខណ្ឌសម្ព័ន្ធមេត្រីភាពចំនួន៣ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានរដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនមន្រ្តីយោធា បងប្អូនវីរៈកងទ័ព និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់សមរភូមិមុខ ស្ថិតនៅក្នុងកងវរសេនាតូចលេខ៣៩១ ទិសប្រាសាទព្រះវិហារ ក្នុងនៅភូមិសែនរុងរឿង១ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ថ្លែងនាឱកាសនេះ លោក ជា ពិសី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែគិតគូរជានិច្ច ដល់សុខទុក្ខប្រជាពលរដ្ឋ និងកោតសរសើរជានិច្ចចំពោះកងទ័ព នគរបាល ក្នុងវីរភាពដ៏អង់អាចក្លាហាន ក្នុងការលះបង់ខិតខំប្រឹងប្រែងឈរជើង ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពរបស់កម្ពុជា ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជានៃយើង។
លោកបន្តថា «ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង បាននិងកំពុងតែរីកចំរើន លូតលាស់ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស អាស្រ័យដោយកត្តាសុខសន្តិភាព ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការដាក់ចេញកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ដើរលើផ្លូវត្រូវ ក្លាយជាប្រទេសឯករាជ្យ បូរណភាពទឹកដី និងមាននិតិរដ្ឋ គ្មានបរទេសណាអាចមកបង្គាប់ បញ្ជាបាននោះទេ មិនដូចបុគ្គល និងក្រុមអគតិមួយចំនួននិយាយឃោសនា ភូតកុហកនោះទេ»៕