(កោះកុង)៖ គណៈកម្មការក្រុមការងារបច្ចេកទេសដែនដី នគរូបនីយកម្ម និងសំណង និងសុរិយោដីខេត្តកោះកុង បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ជូនប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំដងពែង មានប្រជាពលរដ្ឋចំនួន២០០គ្រួសារ ឃុំជីខលើក ស្រុកស្រែអំបិល ខេត្តកោះកុងចំនួន១៧៥គ្រួសារ សរុប៣៧៥គ្រួសារ។
ការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានការចូលរួមដោយលោក អន ភារៈ អភិបាលរងខេត្តកោះកុង, លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត និងមន្ត្រីក្រោមឱវាទ និងមេឃុំមេភូមិរួមទាំងប្រជាពលរដ្ឋ៣៧៥នាក់ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
លោក អន ភារៈ បានថ្លែងថា លទ្ធផលនៃការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកោះកុងក្នុងកន្លងមក ជាពិសេសចំពោះក្រុមប្រជាពលរដ្ឋ ៣៧៥គ្រួសាចំនួន២ភូមិ ស្ថិតនៅស្រុកស្រែអំបិល ដែលត្រូវបានបញ្ចប់វិវាទដីធ្លី ជាមួយគម្រោងដីសម្បទានសេដ្ឋកិច្ចសិ-ឧស្សាហកម្ម (ចំការអំពៅផលិតស្ករសនាំចេញ) របស់ក្រុមហ៊ុន KOH KONG PLANTATION និងក្រុមហ៊ុន KOH KONG SUGAR lNDUTRY CO,LTD ហើយឈានដល់ការប្រកាសបិទផ្សាយឯកសារ នៃការវិនិច្ឆ័យជូនចំពោះប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។
លោកបានថ្លែងបន្តថា នេះជាលើកទី២នៃការជួបប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ បន្ទាប់ពីការជូបជុំទី១ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានន័យថា ប្រកាសបិទការវិនិច្ឆ័យ បន្ទាប់ពីចុះប្រតិបត្តិការក្រុមការងារបច្ចេកទេស ដើម្បីប្រមូលទិន្នន័យការកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ កសាងឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលនឹងដាក់ជូនសាធារណៈជន ដើម្បីពិនិត្យតវ៉ាចាប់ពីថ្ងៃបិទផ្សាយតទៅ ដែលមានរយៈពេល១៥ថ្ងៃ៕