(ស្វាយរៀង)៖ បុរសជនជាតិចិនម្នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីបើករថយន្ត LEXUS-RX៣០០ ទាំងងងុយដេក ស្រាប់តែរេចង្កូតបុករថយន្តដឹកដី។
ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១២៧-១២៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះ តឹង ស៊ូស៊ីង អាយុ២៨ ជនជាតិ ម៉ាឡេស៊ី រស់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរមានឈ្មោះ សឹង ហ្វា អាយុ២៩ឆ្នាំ ជាជនជាតិចិនរស់នៅសង្កាត់ជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា មុនកើតហេតុ រថយន្តរបស់ជនរងគ្រោះ បានធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ពីលិចទៅកើត ខណៈនោះមិនដឹងយ៉ាងម៉េច តែទំនងអ្នកបើកងងុយដេក ក៏ជ្រុលចង្កូតបុករថយន្តដឹកដី បង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានមកដល់ធ្វើការជួយសង្គ្រោះដឹកជនរងគ្រោះទាំង២នាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបររថយន្ដងងុយដេក ទើបបង្កឲ្យមានករណីនេះកើតឡើង៕