(រតនគិរី)៖ ដោយមើលឃើញទុក្ខលំបាក គ្មានលំនៅដ្ឋានរស់នៅពិតប្រាកដនោះ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់លោក វ៉ាន សោភា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី បានចុះចែកប្លង់ដី និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋចំនួន៩គ្រួសារ រស់នៅលើមាត់បឹងកន្សែងក្រុងបានលុង។
លោក វ៉ាន សោភា បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ដីលំនៅដ្ឋានដែលអភិបាលខេត្តផ្តល់ឲ្យពួកគាត់នៅពេលនេះ គឺមួយគ្រួសារទទួលបានដីទំហំ៥ម៉ែត្រ គុណ២៥ម៉ែត្រស្មើៗគ្នា មានទីតាំងនៅក្នុងឃុំអូរជុំស្រុកអូរជុំ មានចំងាយប្រមាណ៨គីឡូម៉ែត្រ ពីទីរួមក្រុងបានលុង។
លោក វ៉ាន សោភា បានប្រាប់បន្តថា ដីលំនៅថ្មីពួកគាត់នោះ មានភាពងាយស្រួលក្នុងការធ្វើដំណើរមកផ្សារទិញឥវ៉ាន់, កូនចៅមករៀនសូត្រ, មកមន្ទីរពេទ្យជាដើម។ បន្ថែមលើនេះទៀតលោក ថង សាវុន បានជួយឧបត្ថម្ភថវិកាសម្រាប់ពួកគាត់ រើឥវ៉ាន់ចាកចេញមកកន្លែងថ្មីដោយគ្រួសារខ្លះខ្វះខាតខ្លាំងរួមមាន៖
*ទី១៖ គ្រួសារលោកចាប យិត
*ទី២៖ គ្រួសារ វុណ ពុង
*ទី៣៖ គ្រួសារ ឃាត ធី
*ទី៤៖ គ្រួសារ វ៉ាច ធីត (ក្នុង១គ្រួសារទទួលបាន១លានរៀល)
*ទី៥៖ គ្រួសារ ម៉ា សំអុត
*ទី៦៖ គ្រួសារ សេស សុធី
*ទី៧៖ គ្រួសារ ម៉ា ផារី
*ទី៨៖ គ្រួសារ ណុង អូន
*ទី៩៖ គ្រួសារ លឹក ហៃ (ក្នុង១គ្រួសារទទួលបាន៤០ម៉ឺនរៀល)។
ជាមួយកាយវិការប្រកបដោយសប្បុរសធ៌ម និងការដឹងសុខទុក្ខប្រជាពលរដ្ឋខាងលើនេះដែរ អ្នកស្រី ម៉ា សំណុល តំណាងឲ្យប្រជាពលរដ្ឋ៩គ្រួសារ សូមថ្លែងអំណរគុណលោកអភិបាលខេត្ត ដែលចាត់តំណាងមកជួយពួកគាត់ក្នុងគ្រាលំបាក សុំលើកម្រាមដៃ១០ ជូនពរឲ្យលោកមានសុខភាពល្អ ប្រកបការងារជោគជ័យ ដើម្បីដឹកនាំអភិវឌ្ឍខេត្តរតនគិរី ឲ្យមានការរីកចំរើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦នេះ៕