(ពោធិ៍សាត់)៖ ការស្នើសុំនេះ ធ្វើឡើងនៅក្នុងកិច្ចជំនួបរបស់ក្រុមប្រតិភូថៃ ដឹកនាំដោយឧត្តមនាវីត្រី សាយ៉ាន់ អៃយ: រ៉ារ៉ាត់ នាយសេនាធិការបញ្ជាការដ្ឋានការពារព្រំដែនចន្ទ័បូរី-ត្រាត ជាមួយលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីចុងខែមករា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
លោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ:រ៉ារ៉ាត់ បានជម្រាបថា គោលបំណងដែលលោកបានដឹកនាំប្រតិភូ សុំចូលជួបសំដែងការគួរសមនាពេលនេះ ដើម្បីពង្រឹងចំណងមេត្រីភាពជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តច័ន្ទបូរី-ខេត្តត្រាត លើកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និងពង្រឹកកិច្ចសហប្រតិបត្តិការ ការពារខ្សែបន្ទាត់ព្រំដែនរួមគ្នា ឲ្យបានល្អប្រសើរ និងបានសំណូមពរសូមឲ្យភាគីកម្ពុជា ជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរ បានយល់ដឹងអំពីច្បាប់នៅប្រទេសថៃផងដែរ។
លោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ:រ៉ារ៉ាត់ ក៏បានសន្យាផងដែរថា ភាគីនិងខិតខំជួយការពារពលរដ្ឋខ្មែរ ដែលចូលទៅធ្វើការងារនៅក្នុងប្រទេសថៃដោយស្របច្បាប់ផងដែរ។
ស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ក្រុមប្រតិភូថៃ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បានសម្តែងនូវភាពកក់ក្តៅ
ដែលកន្លងមកថ្នាក់ដឹកខេត្ត និងកងកម្លាំងខាងភាគីកម្ពុជា តែងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការពារខ្សែបន្ទាត់ព្រំដែននិងការទប់ស្កាត់បង្ក្រាបនានា។
លោកស្នងការថា នឹងខិតខំបន្តពង្រឹង និងរឹតចំណងមេត្រីភាពនេះ ឲ្យកាន់តែជិតស្និត និងមានភាពជឿជាក់គ្នាទៅវិញទៅមកក្នុងនាមបងប្អួន ដែលមានប្រទេសជាប់ភូមិផងរបងជាមួយ និងមានអរិយធម៌ វប្បធម៌ស្រដៀងគ្នាផងដែរ។ ជាមួយគ្នានេះ លោកស្នងការក៏សំណូមពរខាងភាគីថៃ សូមរក្សាចំណងមិត្តភាពដ៏ល្អនេះឲ្យបានជានិច្ចនិរន្ត។
នៅក្នុងឱកាសនោះ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏បានសំណួមពរថ្នាក់ដឹកនាំប្រតិភូថៃ សូមជួយបង្កើនថ្ងៃចេញចូលតាមច្រកលេខ៥៦ និងជួយពន្លឿននីតិវិធី ក្នុងការបើកច្រកលេខ៥៦ថ្មដានេះ ឲ្យបានឆាប់រហ័សផងដែរដើម្បីសម្រូលក្នុងការដោះដូរទំនិញកសិផលគ្នាទៅវិញទៅមក នៃប្រជាជនប្រទេសទាំងពីរ។
ចំពោះបញ្ហានេះខាងភាគីសន្យាថា នឹងខិតខំនាំយកសំណួមពរទាំងនោះ ទៅជំរាបថ្នាក់ដឹករបស់ខ្លួនដើម្បីឆ្លើយតបនៅពេលក្រោយ៕