Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូខណ្ឌ២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាំយកអំណោយជូនដល់កងកម្លាំងនគរបាលវរសេនាតូចលេខ៧៩៣ ឈរជើងនៅច្រកអានសេះ ខេត្តព្រះវិហារ

25-01-2019 09:50

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ប្រតិភូខណ្ឌចំនួន២ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, សាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងសាលាខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ។

ជំនួសមុខឲ្យប្រតិភូ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។

ក្នុងឱកាសនោះក្រៅពីសួរសុខទុក្ខ គណៈប្រតិភូបានជូនអំណោយរួមមាន មានទឹកក្រូច៨០កេស ស្រាបៀរ ៥០កេស និងមីម៉ាម៉ា៨០កេស ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ចំនួន២៨២នាក់ ដោយម្នាក់ៗទទួលបាន៤ម៉ឺនរៀល។

ចំណែកមេបញ្ជាការភូមិភាគ ម្នាក់៥០ម៉ឺនរៀល មេវរៈម្នាក់៤០ម៉ឺនរៀល និងអនុវរៈ ចំនួន៦នាក់ ដោយម្នាក់ៗបាន២០ម៉ឺនរៀល៕