(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានឲ្យដឹងថាសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នឹងបើកកិច្ចប្រជុំកំពូលលើកទីពីរ ក្នុងរយៈពេល០២ខែខាងមុខ ពោលគឺពុំមែនប្រព្រឹត្តទៅនាចុងខែកុម្ភៈឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
ថ្លែងបញ្ជាក់ទៅក្រុមអ្នកសារព័ត៌មាន លោក ប៉ុមប៉េអូ បាននិយាយថា «ប្រាកដណាស់ ការបើកកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ (អាមេរិក-កូរ៉េខាងជើង) នឹងធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃខាងមុខ»។ ម្សិលមិញនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យក្រុមមន្រ្តីរៀបចំចាត់ចែងគ្រប់យ៉ាងឲ្យបានល្អ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលលើកទីពីរជាមួយអាមេរិក ក្រោយពីប្រតិភូកូរ៉េខាងជើងបានមកទស្សនកិច្ចនៅវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
គួរជម្រាបថា ក្រោយទស្សនកិច្ចរបស់ប្រតិភូកូរ៉េខាងជើង សេតវិមានអាមេរិកបានប្រកាសថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានព្រមព្រៀងជួបមុខគ្នាជាថ្មីម្តងទៀត នៅជិតចុងខែកុម្ភៈ ហើយកាលបរិច្ឆេទនិងទីតាំងជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលជាលើកទីពីរនេះ មិនទាន់ត្រូវបានប្រកាសឲ្យដឹងជាសាធារណៈឡើយ។
លោក ត្រាំ និង លោក គីម បានបើកកិច្ចប្រជុំកំពូលជាលើកដំបូងនៅឯប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨។ មេដឹកនាំទាំងពីរបានជជែកពិភាក្សាគ្នា អំពីការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់វិបត្តិអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕