(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយសាកលវិទ្យាល័យខេមរៈ រួមគ្នាបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុ ដល់និស្សិតក្នុងសាកលវិទ្យាល័យ ក៏ដូចជារួមចំណែក ពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ លើវិស័យនេះ ក្នុងប្រទេសកម្ពុជាផងដែរ។
ការសហការចុះកិច្ចព្រមព្រៀងរវាង CMA និងសាកលវិទ្យាល័យខេមរៈនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត រស់ រ៉ាវុធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ខេមរៈ លោក គា បូរាណ ប្រធានសមាគម CMA និងអ្នកចូលរួមយ៉ាងច្រើនកុះករ។
លោកបណ្ឌិត រស់ រ៉ាវុធ ឲ្យដឹងថា ការសហការរវាងសាកលវិទ្យាល័យ និង CMA ធ្វើឡើងបន្ទាប់ពីមើលឃើញថា ការយល់ដឹងអំពីផ្នែកមីក្រូហិរញ្ញវត្ថុនេះ ដល់សិស្សនុសិស្សក៏ដូចជាពលរដ្ឋ នៅមានកម្រិតនៅឡើយ។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយពី មីក្រូហិរញ្ញវត្ថុនេះតាមរយៈទូរស័ព្ទ ដល់ប្រជាជនទូទៅបានដឹងផងដែរ។
លោកបន្ដថា កិច្ចសហប្រតិបត្តិការនេះ បានផ្ដល់អត្ថប្រយោជន៍៣យ៉ាង ដល់ដៃគូទាំងពីររួមមាន៖ ១៖ បុគ្គលិកមីក្រូហិរញ្ញវត្ថុមានការយល់ដឹងច្រើន ដោយមិនបាចបណ្ដុះបណ្ដាលបន្ថែម មុនពេលចូលបម្រើការងារជាដើម។ ទី២៖ មានបច្ចេកទេសរួចជាស្រេច ក្នុងការប្រកបការងារ និងទី៣៖ វិបត្តិនៃអ្នកអត់ការងារធ្វើមានការថយចុះព្រោះថា នៅពេលដែលមានចំណេះជំនាញ ពួកគាត់នឹងដាក់ពាក្យធ្វើការ ទាំងនេះជាការចូលរួមចំណែកជួយលើវិស័យសេដ្ឋកិច្ច និងសង្គមជាតិ។
លោក គា បូរាណ ឲ្យដឹងថា នេះជាកិច្ចសហការដំបូងរវាង CMA និងសាកលវិទ្យាល័យខេមរៈ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាល សមាគមក៏គ្រោងនឹងស្វែងរកគ្រឹះស្ថានសិក្សាផ្សេងៗទៀត ដើម្បីសហការបណ្ដុះបណ្ដាលជំនាញ ហិរញ្ញវត្ថុនេះឲ្យកាន់តែទូលំទូលាយ។
លោកបន្ដថា បន្ទាប់ពីមានការបណ្ដុះបណ្ដាលនេះសង្ឃឹមថា នឹងមានអ្នកយល់ដឹងអំពីវិស័យហិរញ្ញវត្ថុ បានច្រើនជាងមុនជាក់ជាពុំខាន។ កន្លងមកក្នុងមួយឆ្នាំៗមានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើន បានប្រកាសស្វែងរកបុគ្គលិក ដើម្បីបំពេញការងារក្នុងស្ថាប័នរបស់ខ្លួន ប៉ុន្ដែការស្វែងរកនោះជួបប្រទះផលលំបាកជាច្រើន និងចំណាយពេលយូរក្នុងការជ្រើសរើស។
លោកបញ្ជាក់ថា កិច្ចសហការរវាងគ្នានេះ នឹងជួយបណ្ដុះបណ្ដាល និងផលិតធនធានមនុស្ស យ៉ាងច្រើនក្នុងវិស័យហិរញ្ញវត្ថុ ហើយម្យ៉ាងទៀតទោះបីជាធនធានមនុស្ស ដែលផលិតចេញមកហើយ តែពួកគាត់មិនបានបំពេញការងារ នៅក្នុងវិស័យហិរញ្ញវត្ថុក៏មិនមានបញ្ហាដែរព្រោះ ជំនាញហិរញ្ញវត្ថុជាជំនាញសំខាន់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងគ្រួសារជាដើម។
បន្ថែមពីនេះដៃគូរទាំង២បានជំរុញ ឲ្យមានការបណ្ដុះបណ្ដាលលើចំណេះជំនាញហិរញ្ញវត្ថុ ដល់គ្រឹះស្ថានសិក្សានានា ដើម្បីរួមគ្នាពង្រីកជំនាញនេះឲ្យកាន់តែខ្លាំងក្លា៕