(ភ្នំពេញ)៖ ភារកិច្ចជានាយករដ្ឋមន្ត្រីដែលជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានកម្មវិធីការងារជាប់ជាហូរហែទាំងក្នុង និងក្រៅប្រទេស។ ពេញមួយសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជាមានកម្មវិធីជាប់ហូរហែ។ ក្រោយបញ្ចប់ទស្សនកិច្ច៤ថ្ងៃនៅប្រទេសចិនកាលពីថ្ងៃទី២៣ ខែមករា, ដោយថ្ងៃទី២៤ ខែមករា អញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំថ្ងៃកំណើតបញ្ជាការដ្ឋានកងទ័ពជើងពេលព្រឹក និងពេលរសៀលជួបភ្ញៀវបរទេស។
បើទោះបីត្រូវមមាញឹកនឹងការងារក្រៅប្រទេស និងក្នុងរាជធានីភ្នំពេញរយៈពេល៥ថ្ងៃជាប់គ្នាទៅហើយ តែដើម្បីការងារជាប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាវិស័យឧស្សាហកម្មរបស់កម្ពុជានោះ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តហោះទៅកាន់ខេត្តកំពតថែមទៀត ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩។
ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅថ្ងៃស្អែកនេះ នឹងប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃស្អែកនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករយាជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន ៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។
បើតាមលោករដ្ឋមន្ត្រី បានឲ្យដឹងថា ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ខេត្តកំពត ធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម បច្ចុប្បន្នបានក្លាយជាខេត្តដែលមានការទាក់ទាញវិនិយោគវិស័យឧស្សាហកម្ម និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ។ ជាពិសេសជាខេត្តដែលមានសក្តានុពលក្នុងការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់ រួមមាន វារីអគ្គិសនី ផលិតស៊ីម៉ង់ត៍ ជាតំបន់កសិកម្ម មានដីប្រកបដោយជីវជាតិពិសេស ដែលអាចផលិតដំណាំល្បីល្បាញលើពិភពលោកដូចជា ម្រេចកំពត ធូរ៉េនកំពត ដូងកំពត ចេកសម្រាប់នាំចេញ។ល។
លោក អ៉ិត សំហេង បានអះអាថា មកដល់ពេលនេះ មានសហគ្រាស គ្រឹះស្ថានចំនួន៤៤០ មានកម្មករ និយោជិត ១៦,១២៥នាក់ ទទួលបានប្រាក់ឈ្នួលសរុបចំនួន ៥៥លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦ មានកម្មករនិយោជិតចំនួន ៥,៤៣១នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៨លានដុល្លារក្នុងមួយឆ្នាំ។
លោករដ្ឋមន្ត្រីបានអះអាងថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
វិស័យឧស្សាហកម្មជាវិស័យដ៏ចម្បងមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើន និងធ្វើឲ្យជីវភាពរបស់ពួកគេបានល្អប្រសើរផងដែរ។ ដើម្បីធ្វើឲ្យវិស័យមួយនេះមានភាពកាន់តែល្អប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញបេសកកម្មចុះពិនិត្យតាមរោងចក្រ សហគ្រាស និងសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។
បើតាមលោក អ៉ិត សំហេង មកដល់ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម កម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ៦៣លើក ដែលមានអ្នកចូលរួមសរុប ៩០៦,៤៨៥នាក់។
លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានអះអាងផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ធំធេងក្នុងការពង្រឹងសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចជាង៧% រក្សា និងបង្កើតការងារជូនកម្មករ និយោជិត អត្រាមានការងារធ្វើ ៩៩,៣% នៃកម្លាំងពលកម្ម សរុបប្រមាណជិត ១០លាននាក់។ ក្នុងនោះគ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួនសរុបជិត ១ម៉ឺន ៣ពាន់ កើនឡើង ៨ភាគរយ និងមានកម្មករ និយោជិតសរុប ១លាន ៥សែននាក់ កើនជាង ២១ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ កម្មករ និយោជិតទាំងអស់នេះ រកប្រាក់ឈ្នួលជាមធ្យមជាង ៤ពាន់ ៨រយលានដុល្លារអាមេរិក ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានកម្មករ និយោជិតជាង ៨សែន ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២ពាន់ ៨រយលានដុល្លារក្នុងមួយឆ្នាំ។
សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត ៦សែន មានកម្មករជាង ២លាន ៤សែន វិស័យកសិកម្មជាង ៤លាននាក់, ពលករធ្វើការនៅក្រៅប្រទេសមានប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈមានចំនួនជាង ៥សែននាក់៕