(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី វេង សាខុន នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យលោក Michele Clara មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលរបស់អង្គការ United Nations Industral Development Organization (UNIDO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រី បានសម្តែងអំណរគុណជូន ចំពោះអង្គការ UNIDO ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ហើយសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការជាមួយសហភាពអ៉ឺរ៉ុប ក្នុងគម្រោងអភិវឌ្ឍន៍វិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយលោកសង្ឃឹមថាអង្គការ UNIDO នឹងបន្តជួយដល់វិស័យជលផល និងវិស័យផ្សេងៗទៀតដូចជាវិស័យកែច្នៃផលិតផលកសិកម្ម និងការវិចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យកាន់តែមានការរីកចម្រើន សមស្របតាមកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែងទីផ្សារ។
លោក Michele Clara បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ហើយបានបញ្ជាក់បន្ថែមផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជម្រុញការកែច្នៃ ផលិតផលកសិកម្មនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ ដោយឡែក ភាពជោគជ័យនៃវិស័យកែច្នៃ គឺមិនអាចរំពឹងតែក្រសួងមួយ ដើម្បីសម្រេចបានតែប៉ុណ្ណោះនោះទេ គឺត្រូវការការសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រផងដែរ។
លោក Michele Clara បានបន្តថា ទស្សនកិច្ចរបស់លោក និងសហការីនាពេលនេះពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺដើម្បីសិក្សា រៀបចំគម្រោង និងផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
ពាក់ព័ន្ធនឹងការសិក្សារៀបចំគម្រោងថ្មី លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងផ្តល់កិច្ចសហការឱ្យអស់លទ្ធភាព ហើយលោកក៏បានធ្វើការណែនាំដល់ ក្រុមការងាររបស់អង្គការ UNIDO ក៏ដូចជាមន្ត្រីជំនាញរបស់ក្រសួងឱ្យពិនិត្យ ពិចារណាជាសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយគាំទ្រដល់វិស័យកសិកម្ម ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ការធ្វើទំនើបកម្មកសិកម្ម និងការធ្វើយន្តូបនីយកម្មកសិកម្ម ដែលសកម្មភាពទាំងនេះ គឺជាការឆ្លើយតបយ៉ាងសមស្រប ក្នុងសម័យបដិវត្តឧស្សាហកម្មទី ៤ និងឌីជីថលរូបនីយកម្មដែលពិភពលោកកំពុងជួបប្រទះ។
នៅរសៀលថ្ងៃដដែល បន្ទាប់ពីជំនួបពិភាក្សាជាមួយក្រុមការងារអង្គការ UNIDO រួច លោករដ្ឋមន្រ្តីបានទទួលជួបសាស្រ្តាចារ្យ Dr.Vara Prasad និងសហការី ដែលអញ្ជើញមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក។
ជំនួបពិភាក្សានេះមានគោលបំណងសំខាន់ទី១៖ រាយការណ៍ជូនលោករដ្ឋមន្រ្តីជ្រាប ពីកិច្ចសហប្រតិបត្តិការរវាងសា កលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងកម្មវិធីមន្ទីរពិសោធន៍នវានុវត្តប្រពលវប្បកម្មនិរន្តរភាព (Sustainable Intensification Innovation Lab) នៃសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក ដែលបាន និងកំពុងសហការអនុវត្ត ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍសហរដ្ឋអាមេរិក USAID និងទី២៖ ស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីបន្តផ្តល់ការគាំទ្រលើគម្រោងនានា ដែលកំពុងអនុវត្តជាមួយ RUA។
លោកសាស្ត្រាចារ្យ Dr. Vara Prasad បានជម្រាបជូនលោករដ្ឋមន្រ្តីថា គម្រោងរបស់សាកលវិទ្យាល័យ គឺមានគោលបំណងផលិតស្បៀងឱ្យបានគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀង កាត់បន្ថយភាពអត់ឃ្លានដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ មួយវិញទៀត គម្រោងនេះបានជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីបង្កើនសក្តានុពល និងសមត្ថភាពរបស់ពួកគេក្នុងការស្រាវជ្រាវ និងនវានុវត្តនូវគំហើញថ្មី រួចធ្វើការផ្ទេរឱ្យទៅប្រជាកសិករ ឬអ្នកផលិតធ្វើយ៉ាងណា បង្កើនទិន្នផលកសិកម្ម ធានាគុណភាព និងសុវត្ថិភាព ហើយគម្រោងនេះពិតជាបានចូលរួមចំណែក និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានការរីកចម្រើន។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការ USAID ដែលបានជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេសបានជួយឧបត្ថម្ភដល់ RUA ក្នុងការអនុវត្តគម្រោងនានាទាក់ទងនឹងវិស័យកសិកម្ម ដែលបច្ចុប្បន្នគម្រោងទាំងនោះ កំពុងមានវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍។
លោករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន (សហគ្រាសខ្នាតតូច និងមធ្យម) ក្នុងការកែច្នៃកសិផលក្នុងគោលបំណង ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការនាំចូល។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានស្នើសុំឱ្យសាកលវិទ្យាល័យពិនិត្យ ពិចារណាជួយធ្វើការបណ្តុះបណ្តាលដល់និស្សិតជំនាន់ ក្រោយនូវបច្ចេបវិទ្យាទំនើបៗ ថ្មីៗចុងក្រោយ ដើម្បីបង្កើនសមត្ថភាពដល់ពួកគេចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យមានការរីកចម្រើន ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង RUA ជាមួយសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ ដែលក្នុងនោះ RUA ទទួលបានទឹកប្រាក់សរុបប្រមាណជា៤លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារស្រាវជ្រាវ ការកសាងសមត្ថភាពមន្រ្តី និងនិស្សិត ការលើកកំពស់គុណភាពសម្ភារនៅតាមមន្ទីរពិសោធន៍ និងការសកម្មភាពនៃការអនុវត្តគម្រោងផ្សេងៗទៀត៕