(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានចំណាយពេលជាង១ខែ ក្នុងការតាមស្រាវជ្រាវចាប់ខ្លួនចោរឆក់ជើងខ្លាំងម្នាក់ ជាបក្ខពួកជនសង្ស័យ៨នាក់ផ្សេងទៀត ដែលបង្ក្រាបបានកាលពីពេលកន្លងទៅ ពោលថ្ងៃអុំទូកទី២ ឆ្នាំ២០១៨ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
ការចាប់ខ្លួនចោរជើងខ្លាំង ដែលឆក់ទូរស័ព្ទពីជនរងគ្រោះរត់គេចខ្លួនបាត់រយៈពេល៣៣ថ្ងៃខាងលើនេះ ឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចក្នុងផ្សារភូមិធំ ក្នុងភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។ ជនសង្ស័យឈ្មោះ អឿ ចន្ថា ហៅត្នោត អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលេខ១៥១ ក្នុងក្រុម៨ ភូមិធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកភ្នៅ (មានសារធាតុញៀន)។
សូមរំលឹកថា កាលពីថ្ងៃទី២ នៃការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ស្រាប់តែលេចមុខជនសង្ស័យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១សំបុក ចំនួន៨នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីក្នុងហោប៉ាវរបស់ជនរងគ្រោះ ក្នុងពេលកំពុងបើម៉ូតូដឹកប្រពន្ធ តាមដងផ្លូវសាធារណៈ ប៉ុន្តែជាលទ្ធផលត្រូវជាប់ខ្នោះទាំងអស់ វេលារំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រតិបត្តិការខាងលើនេះ គឺបានអនុវត្តឡើងក្រោមការស៊ើបអង្កេតភ្លាមៗ នៅក្នុង២គោលដៅ និង២ករណីផ្សេងគ្នា នៅត្រង់ចំណុចផ្ទះសំណាក់បឹងលាភ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៨ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ និងមួយទីតាំងទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក គល់ យី បានបញ្ជាក់ថា នៅក្នុងជំហានដំបូង នៃលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ នាឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប អកអំបុក និងសំពះព្រះខែ ហើយឈានដល់ដេញតាមស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែង ចំពោះក្រុមជនសង្ស័យជាចោរឆក់ទូរស័ព្ទចំនួន៦នាក់ គឺបានធ្វើឡើងក្ដៅៗតែម្ដង ក្រោយពីសមត្ថកិច្ចទទួលបាន សេចក្ដីរាយការណ៍ពីជនរងគ្រោះ ដែលបានស្គាល់ច្បាស់អំពីស្លាកលេខម៉ូតូ និងភិនភាគរបស់បក្ខពួកជនសង្ស័យចំនួន២នាក់ ក្នុងចំណោម៦នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់គាត់ចេញពីក្នុងហោប៉ាវ ហើយជិះរត់គេចខ្លួនបាត់ស្រមោល នៅខណៈពេលដែលគាត់ (ជនរងគ្រោះ) កំពុងតែជិះបើកម៉ូតូដឹកប្រពន្ធ តាមបណ្ដោយផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ដែលជាករណីទី១ ដកហូតបានម៉ូតូចំនួន២គ្រឿង ក្នុងនោះ មានម៉ាកប៊ីត ពណ៌សលាយខៀវ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HD-2002 (ជាម៉ូតូជិះធ្វើសកម្មភាព) និង១គ្រឿងទៀតម៉ាកC110 ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BQ-1086 ជាមួយទូរស័ព្ទចំនួន៤គ្រឿង មានម៉ាក iPhone4 ពណ៌ខ្មៅ១គ្រឿង (ជារបស់ជនរងគ្រោះ), ម៉ាក iPhone6 ពណ៌ស១គ្រឿង (ជារបស់ជនសង្ស័យ) និងម៉ាកនូគាអ៊ិនចុចពិល ចំនួន៣គ្រឿង (ជារបស់ជនសង្ស័យ)។
លោក គល់ យី បានបញ្ជាក់ទៀតថា ករណីទី២ គឺជាការបង្ក្រាបក្រុមរក្សាទុក ដោយខុសច្បាប់នូវសាធាតុញៀន ដោយក្នុងប្រតិបត្តិការនោះ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡង អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ពោត ស្នាក់នៅភូមិអរិយ្យក្សត្រ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ម៉ង់ ណាម អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី ស្នាក់នៅភូមិព្រែកតាគង់ ឃំសំពៅលូន ដកហូតបានក្រាមពណ៌សថ្លា ចំនួន២កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CM-5597។
ទោះបីយ៉ាងណាក៏ដោយ សម្រាប់ទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនវិញ បន្ទាប់ពីបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យ ជាចោរឆក់ទូរស័ព្ទ មួយសំបុកចំនួន៦នាក់ និង២នាក់ផ្សេងទៀត រក្សាទុកថ្នាំញៀន ក្នុង២គោលដៅ និង២ករណីផ្សេងគ្នា រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ដែលដកហូតបានពីសកម្មភាព បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕