(ភ្នំពេញ)៖ ក្នុងខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះការរីកធំធាត់នៃកងទ័ពជើងគោក ដែលបង្កើតដោយផ្ទាល់ដៃរបស់សម្តេច។
ទន្ទឹមជាមួយសមិទ្ធិផលដ៏គាប់ប្រសើរនៃការរីកចម្រើនរបស់កងទ័ពជើងគោកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ និងដំបូន្មានជាច្រើនដល់កងទ័ព ដើម្បីឲ្យពួកគេបំពេញភារកិច្ចឲ្យបានកាន់តែល្អប្រសើរសម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន។
បទបញ្ជាដ៏ម៉ឹងម៉ាត់ចំនួន១០ចំណុច ត្រូវអគ្គមេបញ្ជាការកំពូលរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញនៅចំពោះមុខលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាមេបញ្ជាការរង និងនាយទាហាន ពលទាហានកងទ័ពជើងគោករាប់រយនាក់ដែលចូលរួមក្នុងពិធីនោះ។ បទបញ្ជាទាំង១០ចំណុចនោះរួមមាន៖
១៖ ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។
២៖ ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀត ដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើរអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។
៣៖ ខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តពណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា ដោយមិនចាំបាច់ចាំបទបញ្ជានោះឡើយ។
៤៖ កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង។
៥៖ កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។
៦៖ គាំទ្រការប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើរពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនចំណូលជាតិ ។
៧៖ ត្រូវខិតខំហ្វឹកហ្វឺន និងហ្វឹកហាត់បង្កើនសមត្ថភាព។ សម្តេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានយុទ្ធោបករណ៍ និងសម្ភារៈទំនើប តែបើមនុស្សមិនទំនើប គឺមិនអាចប្រើប្រាស់បានឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំកងទ័ពថា ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ។
៨៖ ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍ដែលមាន ដើម្បីធានាថាអាវុធនៅតែអាចប្រើប្រាស់បាននៅពេលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ធភ័ណ្ឌរបស់ខ្លួនឲ្យបានល្អ មិនត្រូវឲ្យអត់សាំង អត់ប្រេង ឬប្រើមិនកើតពេលត្រូវការនោះទេ។
៩៖ យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជម្រកស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព។ ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ព ដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
១០៖ កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទងនិងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេសជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗជាមួយយកងទ័ពនៃបណ្តាប្រទេសនានា៕