(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា វិនិយោគិនប្រទេសសឹង្ហបុរី ស្វែងរកឱកាសវិនិយោគ នៅក្នុងទីផ្សារមូលបត្រ (ភាគហ៊ុន) នៅប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គណៈប្រតិភូរបស់ CSX ដឹកនាំដោយ លោក ហា ចុងវ័ន (Jong Weon HA) អគ្គនាយករងនៃCSX នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចូលរួមកម្មវិធីប្រជុំ និងទំនាក់ទំនងដែលរៀបចំឡើងដោយក្រុមហ៊ុន អ៉ីអឹមស៉ី (Emerging Market Consulting- EMC) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោល បំណងបង្កើនឱកាសទំនាក់ទំនង និងបង្ហាញឱកាសវិនិយោគ ទៅដល់ក្រុមហ៊ុនសឹង្ហបុរីមួយចំនួន ដែលមានចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា។ ក្នុងកម្មវិធីនេះ CSX ត្រូវបាន អញ្ជើញជាវាគ្មិនកិត្តិយសផងដែរ ដែលអគ្គនាយករងនៃ CSX បានធ្វើបទបង្ហាញពីចក្ខុវិស័យនាពេល អនាគតនៃទីផ្សារមូលបត្រកម្ពុជា ទៅកាន់គណៈប្រតិភូនៃក្រុមហ៊ុនសឹង្ហបុរី និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល កម្មវិធីនេះ គឺជាច្រកផ្លូវដ៏ល្អមួយសម្រាប់ CSX ផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនជាស្ថាប័ន និងវិនិយោគិននៅបរទេស និងដើម្បីពិភាក្សាអំពីឱកាសវិនិយោគ ក្នុងទីផ្សារមូលបត្រនៃកម្ពុជា ដោយពួកគេអាចចូលរួមជាក្រុមហ៊ុនបោះផ្សាយមូលបត្រ ឬវិនិយោគិនមូលបត្រ។
សូមជម្រាប ជូនថា នេះមិនមែនជាលើកទីមួយទេដែល CSX បានសហការជាមួយវិស័យឯកជន សម្រាប់កម្មវិធីសិក្ខាសាលាផ្សេងៗ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨មុននេះ CSX ក៏បានរៀបចំ សិក្ខាសាលាមួយសម្រាប់វិនិយោគិនជនជាតិថៃ ក្រោមប្រធានបទស្តីពី ការវិនិយោគនាពេលអនាគតនៅប្រទេសកម្ពុជា នៅទីស្នាក់ការ AIMC ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការគាំទ្រពីសំណាក់ សមាគមក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ (The Association of InvestmentManagement Companies-AIMC)។
នៅឆ្នាំថ្មីនេះ CSX នឹងបន្តសកម្មភាពផ្សព្វផ្សាយទាំងនេះ ដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែ ទៀត ដែលជាពិសេសគឺប្រទេសនៅក្នុងតំបន់អាស៉ីដូចជា សឹង្ហបុរី ជប៉ុន ម៉ាឡេស៉ី និងប្រទេសដទៃ ផ្សេងទៀត។
បន្ថែមពីនេះ CSX ក៏នឹងបន្តប្រឹងប្រែងផ្សព្វផ្សាយ និងស្វែងរកក្រុមហ៊ុនសក្តានុពលនានា ក្នុងវិស័យចម្បងៗឲ្យបានចុះបញ្ជីបន្ថែមនៅលើទីផ្សារមូលបត្រ តាមរយៈសិក្ខាសាលា និងសកម្មភាពផ្សេងៗ។ CSX រំពឹងថា ក្រុមហ៊ុនទាំងនេះនឹងមកវិនិយោគ ឬមកចុះបញ្ជីនៅផ្សារមូលបត្រ កម្ពុជានាពេលឆាប់ៗខាងមុខនេះ៕