(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចោរកម្ម០៣ផ្សេងគ្នា នៅខណ្ឌ៧មករា, ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ។
ជនសង្ស័យទី១៖ឈ្មោះ ផាន់ ពេជ្រពន្លឺ អាយុ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាច់កម៉ូតូ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុច មុខផ្ទះលេខ17E0Z ផ្លូវ២១៥ សង្កាត់វាលវង់, ទី២៖ឈ្មោះ ថន ភា អាយុ២៩ឆ្នាំ ត្រូវបានកម្លាំងល្បាត មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចគាស់ផ្ទះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្តីចាស់ សង្កាត់បាក់ខែង និងទី៣៖ឈ្មោះ សឿន ចន្ធី ហៅវ៉ា អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសាងសង់បុរី អ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម។
ជនសង្ស័យឈ្មោះ ផាន់ ពេជ្រពន្លឺ បានសារភាពថា នៅថ្ងៃកើតហេតុ រូបគេបានជិះកង់ចេញមកពីផ្ទះក្រោយអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លុះមកដល់ម្តុំបុរីកីឡាឃើញម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ផ្កាឈូក ចតទុកចោលក្រោមផ្ទះ ទើបរូបគេយកកង់ទៅទុកមុខសាលាឯកជនមួយ ហើយចូលទៅកាច់សោកម៉ូតូនោះ បម្រុងលួចចេញ តែត្រូវប្រជាពលរដ្ឋបានឃើញ និងស្រែកឆោឡោ រូបគេក៏បានរត់គេចដល់ផ្សារដេប៉ូ ត្រូវអាវុធហត្ថខណ្ឌ៧មករាឃាត់ខ្លួនតែម្តង។
ដោយឡែកជនសង្ស័យឈ្មោះ ថន ភា បានសារភាពថា នៅថ្ងៃកើតហេតុរូបគេបានជិះឡានមកពីប៉ោយប៉ែត ចុះមុខបុរីហាយឡែន រួចដើរបន្តសំដៅមកភ្នំពេញ ដល់ចំណុចភូមិក្តីចាស់ ក៏ប្រទះឃើញផ្ទះមួយកន្លែងចាក់សោទ្វារទុកចោល រូបគេក៏ចូលទៅដើរក្រវែលជុំវិញ យកបានដែកទីបមួយហើយគាស់ទម្លាយចម្រឹងបង្អួច ផ្លោះចូលក្នុងផ្ទះរើរកកាយរកសម្ភារមានតម្លៃ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចុះទៅឃាត់ខ្លួនតែម្តង។
ជនសង្ស័យឈ្មោះសឿន ចន្ធី បានសារភាពថា រូបគេជាកម្មករសំណង់ នៅថ្ងៃកើតហេតុយប់រំលងអាធ្រាត្រ រូបគេបានដើរលួចទូរស័ព្ទកម្មករសំណង់ដូចគ្នា ដែលដេកលក់បានចំនួន០៣គ្រឿង ហើយចូលដេកកន្លែងដើមវិញ ស្រាប់តែបានប្រហែល១ម៉ោង ម្ចាស់គេដឹងខ្លួនដើររកទូរស័ព្ទហើយតេចូលលេខទូរស័ព្ទ ដែលបាត់ក៏លឺសម្លេងរោទ៍ នៅកន្លែងដេករបស់ខ្លួនបណ្តាលឲ្យបែកការត្រូវគេឃាត់ខ្លួនបញ្ជូនឲ្យអាវុធហត្ថខណ្ឌសែនសុខតែម្តង៕