(ភ្នំពេញ)៖ និស្សិតដែលកំពុងសិក្សាផ្នែកគិលានុបដ្ឋាក តាមគ្រឹះស្ថានសិក្សានានានៅកម្ពុជា នឹងទទួលបានឱកាសការងារក្នុងកម្រិតអន្តរជាតិ ជាមួយនឹងប្រាក់កម្រៃខ្ពស់ នៅប្រទេសជប៉ុន នាពេលខាងមុខនេះ។ នេះបើតាមការអះអាងរបស់ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដំណឹងដ៏ពិសេសនេះ ត្រូវបានរំលេចឡើងក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ជេ អិល អេស ខេមបូឌាន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា រាជធានីភ្នំពេញ អមជាមួយសិក្ខាសាលាស្តីពីការស្វែងយល់ និងឱកាសការងារផ្នែកគិលានុបដ្ឋាកនៅប្រទេសជប៉ុន ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា ទាំងនេះក៏ជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ តាមរយៈការពង្រីកទីផ្សារការងារ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។

លោករដ្ឋមន្ត្រី បានបន្តថា ការបណ្តុះបណ្តាលបន្ថែម ដើម្បីបំពេញតាមស្តង់ដារជប៉ុនដល់បេក្ខជន បេក្ខនារី និងការសិក្សាភាសា និងវប្បធម៌ ប្រពៃណីជនជាតិជប៉ុន នឹងជួយពង្រឹងគុណភាពលើការបណ្តុះបណ្តាលគិលានុបដ្ឋាក គិលានុបដ្ឋាយិកាកម្ពុជា ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងជំនាន់ក្រោយ ឲ្យចាប់អារម្មណ៍លើជំនាញនេះកាន់តែខ្លាំងក្លា ដើម្បីបំពេញនូវតម្រូវការទីផ្សារការងារជាលក្ខណៈអន្តរជាតិ។

បុគ្គលិកដែលចប់កិច្ចសន្យាការងារ ហើយត្រលប់មកធ្វើការក្នុងស្រុកវិញ នឹងក្លាយជាធនធានដ៏ល្អមួយ ដោយពួកគេនឹងយកចំណេះ និងបទពិសោធន៍ពីការងារនៅប្រទេសជប៉ុន មកជួយពង្រឹងវិស័យសុខាភិបាលក្នុងស្រុក។

លោកបានអំពាវនាវដល់សាធារណជនទាំងអស់ ពិសេសសិស្ស និស្សិត អតីតនិស្សិត ដែលបានរៀនចប់ និងកំពុងស្វែងរកការងារ ឬកំពុងធ្វើការផ្នែកគិលានុបដ្ឋាក សូមសិក្សាស្វែងយល់ពីឱកាសការងារនៅប្រទេសជប៉ុន ពាក់ព័ន្ធនឹងជំនាញគិលានុបដ្ឋាកនេះឲ្យបានច្រើន តាមរយៈក្រុមហ៊ុន JLS Cambodian Co.,Ltd ដែលបានរៀបចំសិក្ខាសាលានេះ។

បច្ចុប្បន្ន ក្រសួងបាននិងកំពុងសហការជាមួយមន្រ្តីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា ដោយជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធិ និងផលប្រយោជន៍ពលករខ្មែរនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា ដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធី ស្របតាមបទដ្ឋានអន្តរជាតិ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តខិតខំពង្រឹងការអនុវត្តឱ្យស្របទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលក្នុងនោះ មានចែងអំពីការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង។

គូសបញ្ជាក់ថា បច្ចុប្បន្ន ទីភ្នាក់ងារជ្រើសរើសឯកជនមានចំនួន ១០៥ ដែលក្នុងនោះទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ដែលក្នុងនោះមានទីភ្នាក់ងារជ្រើរើសចំនួន៩៣ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាត ពីក្រសួងឲ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការី សរុបចំនួន ៩,១៩៥នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ១,៥០០ដុល្លារអាមេរិកក្នុងមួយខែ៕