(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចាត់ឲ្យក្រុមការងារ នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន៨លានរៀល ជាថវិកាសមាគមអតីតយុទ្ធជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ។
ប្រធានសមាគមខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងចុះពង្រឹងក្រុងកំពង់ចាម និងលោកឧត្តមសេនីយ៍ត្រី ឡុង ម៉េងសែ ស្នងការរងពង្រឹងស្រុកព្រៃឈរ និងមានការចូលរួមពី លោកប្រធាន អនុប្រធាន ស.អ.ក ព្រមទាំងសមាជិក សមាជិកាពាក់ព័ន្ធក្នុងក្រុងកំពង់ចាម និងស្រុកព្រៃឈរជាច្រើនរូបទៀតផងដែរ។
គ្រួសារសពអតីតយុទ្ធជនទី១៖ នៅក្រុងកំពង់ចាម គឺសពលោក ឯម សារឿន អាយុ៦៦ឆ្នាំ មុខសញ្ញាយោធិនពិការ អត្តលេខ HA-84000284 ដែលមានអ្នកទទួលបណ្ដាំ លោកស្រី ផាន់ អាន ត្រូវជាប្រពន្ធ។ ទី២៖ស្រុកព្រៃឈរ សពលោក សូ សាវឿន អាយុ៥៦ឆ្នាំ មុខសញ្ញាយោធិនពិការ អត្តលេខ HA-84000283 ដែលអ្នកទទួលបណ្ដាំ លោកស្រី ខៀវ ហេង ត្រូវជាប្រពន្ធ៕