(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា កងទ័ពត្រូវដើរតួនាទីជាអ្នកការទូត ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ដទាំងអស់ នៅលើពិភពលោក។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋាន កងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពត្រូវដើរតួនាទីជាអ្នកការទូត ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ដទាំងអស់ នៅលើពិភពលោក។ តាមរយៈទំនាក់ទំនងល្អជាមួយប្រទេសជិតខាងនោះហើយ ដែលធ្វើឲ្យទំនាក់ទំនង វិនិយោគ ទេសចរណ៍ រវាងរដ្ឋ និងរដ្ឋ គឺបានប្រសើរឡើង»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាង កម្ពុជានិងវៀតណាម នៅតាមព្រំដែនដែលរកស៊ីជាមួយគ្នាគឺមានជិត៥ពាន់លានដុល្លារ និងទំហំពាណិជ្ជកម្មរវាង កម្ពុជា និងថៃ ជាង៦ពាន់លានដុល្លារ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ទៀតថា បើសិនបើគ្មានទំនាក់ទំនងល្អរវាងកងទ័ព នៃប្រទេសជិតខាងនេះទេ នឹងគ្មានកើតឡើងនៅមុខរបររកស៊ី របស់ប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន ទៅមករកគ្នានោះទេ ដូច្នេះសូមបន្ដយកចិត្ដទុកដាក់ សហការឲ្យបានល្អជាមួយកងទ័ពប្រទេសជាមិត្ដ ដែលនៅជាប់ជិតខាង (ឡាវ វៀតណាម ថៃ)។
ជាមួយគ្នានោះសម្ដេចតេជោបានបន្ថែមថា ត្រូវធ្វើទំនាក់ទំនងជាមួយ អង្គភាពកងទ័ពនៃប្រទេសដទៃ ហើយក្រៅពីទំនាក់ទំនងទ្វេភាគី ក៏ត្រូវចូលរួមនៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការរក្សាសន្ដិភាពរបស់ អង្គការសហប្រជាជាតិ ចូលទៅក្នុងក្របខណ្ឌ នៃសហប្រតិបត្តិការពហុភាគីជាមួយដៃគូនានា ក៏ប៉ុន្ដែសម្ដេចបានបញ្ជាក់ថា ធ្វើតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ មិនអាចធ្វើលើសពីនេះបានទេ។
សម្ដេចតេជោ បានសង្កតធ្ងន់ថា «យើងមិនចូលរួមជាមួយបក្សសម្ព័ន្ធយោធា ជាមួយយោធាប្រទេសណា ប្រឆាំងជាមួយនិងប្រទេសណាទេ យើងចូលរួមបានតែ ជាមួយនិងប្រតិបត្ដិការ រក្សាសន្ដិភាព របស់អង្គការ សហប្រជាជាតិតែប៉ុណ្ណោះ ខ្ញុំមិនអនុញ្ញាតឲ្យកងទ័ព របស់យើងចេញទៅប្រទេសណាមួយ ដោយមិនស្ថិតនៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការរក្សាសន្ដិភាព នៃអង្គការសហប្រជាជាតិនោះទេ»៕