(ចិន)៖ អគារមន្ទីរពេទ្យមួយ ដែលជាជំនួយពីប្រទេសចិន ត្រូវបានសម្ពោធបើកឲ្យដំណើរការជាផ្លូវការហើយ នៅឯប្រទេសឡាវ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ការផ្ដល់ជំនួយជាអគារនេះ គឺមានបំណងចង់ជួយលើកស្ទួយ ដល់ការផ្ដល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទាហានផងដែរ។
ដោយមានបំពាក់ទៅដោយគ្រែសម្រាកព្យាបាលជិត៣០០គ្រែ និងបន្ទប់វះកាត់ចំនួន៦ អគារនេះបានបើកដំណើរការ នៅឯមន្ទីរពេទ្យទាហានឡាវ១០៣ នាទីក្រុងវៀងច័ន្ទ។ ដោយចាប់ផ្ដើមសាងសង់ឡើង កាលពីឆ្នាំ២០១៦ អគារទំហំ២ម៉ឺន៤ពាន់ម៉ែតការ៉េនេះ គឺជាអគារមន្ទីរពេទ្យដ៏ធំបំផុត បើប្រៀបធៀបនឹងមន្ទីរពេទ្យទាហានផ្សេងទៀត នៅប្រទេសឡាវ។ អគារនេះ អាចផ្ដល់សេវាព្យាបាលជូនដល់អ្នកជំងឺប្រហែល៣ពាន់នាក់ នៅក្នុង១ថ្ងៃ។
លោក ស៊ូលីផាញ់ ភេទច័ន្ទថាឡា នាយកមន្ទីរពេទ្យទាហានឡាវ១០៣ បានលើកឡើងថា «អគារថ្មីនេះ នឹងជួយបានច្រើនណាស់ ដល់ការផ្ដល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យយើង។ ជំនួសមុខឲ្យមន្ទីរពេទ្យទាហាន ឡាវ១០៣ ខ្ញុំពិតជាអរគុណណាស់ចំពោះប្រទេសចិន ដែលផ្ដល់ជំនួយជាអគារនេះ នៅក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃកងទ័ពប្រជាជនឡាវ»។
ប្រទេសចិន នឹងផ្ដល់ជំនួយគាំទ្រចំពោះវិស័យសុខាភិបាល របស់ប្រទេសឡាវជាបន្តទៀត តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យ ឲ្យទៅបណ្ដុះបណ្ដាលគ្រូពេទ្យនៅប្រទេសឡាវ។ ក្រុមគ្រូពេទ្យចិនដំបូង នឹងមានវេជ្ជបណ្ឌិត៩នាក់ ដែលមានជំនាញឯកទេស៨មុខខុសៗគ្នា ដូចជាឯកទេសវះកាត់ខួរក្បាល អាយស៊ីយូ និងអេកូជាដើម។
លោក ហ័រ វ័យ ប្រធានក្រុមគ្រូពេទ្យចិន នៅប្រទេសឡាវ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលមន្ទីរពេទ្យដ៏ធំ ត្រូវបានបង្កើតឡើងដោយមានការផ្ដល់ជំនួយ ជាប្រព័ន្ធពីកងទ័ពរបស់យើង។ កន្លងមក នៅពេលដែលយើងជួយបង្កើតមន្ទីរពេទ្យណាមួយ យើងធ្លាប់តែមានផ្នែកផ្សេងៗគ្នា ផ្ដល់សេវាពិគ្រោះឬព្យាបាលជំងឺដោយឥតគិតថ្លៃ ជាលក្ខណៈដាច់ដោយឡែកពីគ្នា។
លោកថា «ប៉ុន្តែនៅពេលដែលយើង ចុះទៅដល់ទីតាំងគោលដៅរបស់យើង បញ្ហាទាំងនោះក៏អាចដោះស្រាយបាន។ តែក្រោយពេលដែលយើងត្រលប់មកវិញ មន្ទីរពេទ្យទាំងនោះ មិនអាចធ្វើការដោយគ្មានពួកយើងបានទេ។ ដូច្នេះតាមរយៈវិធីថ្មីនេះ យើងនឹងជួយបណ្ដុះបណ្ដាលមន្ត្រីសុខាភិបាលនៅមូលដ្ឋាន ឱ្យមានជំនាញច្បាស់លាស់តែម្ដង»៕ (សារព័ត៌មាន CCTV របស់ចិន)