(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។
មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នេះ ទី១៖ឈ្មោះ ផល ផានិត ហៅតួ ភេទប្រុស អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ សុខ វង្ស ហៅក្តី ភេទប្រុស អាយុ១៩ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ចោរឆក់ទាំង០២នាក់ បានសារភាពថា នៅមុនធ្វើសកម្មភាពរូបគេទាំង០២នាក់ បានផឹកស៊ី និងជក់គ្រឿងញៀនជាមួយគ្នា នៅផ្ទះជួល ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ បន្ទាប់មកពួកគេទាំង០២នាក់ បានជិះម៉ូតូទៅចេញពីផ្ទះជួល ដើម្បីទៅលេងនៅកោះពេជ្រ លុះពេលជិះដល់ចំណុចជិតស្ពានហង្សកោះពេជ្រ ក៏ឃើញជនជាតិចិន០២នាក់ កំពុងដើរលើដងផ្លូវ និងមានកាន់កាបូបជាប់ដៃ រូបគេទាំង០២នាក់ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេច។
ពេលនោះពួកគេបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ស្របពេលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញឃើញ ក៏ប្រដេញតាមរហូតដល់ ចំណុចផ្លូវលេខ២៤២ កែងផ្លូវព្រះមុនីវង្ស បានឃាត់ខ្លួនពួកគេទាំង០២នាក់តែម្តង៕