(ភ្នំពេញ)៖ ម៉ោង១០យប់​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កម្លាំងនគរបាលប៉ុស្ដិ៍-ខណ្ឌ បានតាមបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី ក្នុងនោះដកហូតបានថ្នាំញៀន ចំនួន៦កញ្ចប់ ហើយចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់​។

លោកវរសេនីយ៍ទោ សារ៉ាយ ចេង អធិការរងប្រឆាំងគ្រឿងញៀនខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្រោយបញ្ចប់ការស្រាវជ្រាវភ្លាមៗ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង្វៀង វាំងយឿង ​អាយុ១៧ឆ្នាំ ​មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណព្រែកព្នៅ។

លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានឲ្យដឹងផងដែរថា ពេលកំពុងស្ថិតនៅក្នុងការតាមដានស្រាវជ្រាវ ទាំងកម្លាំងនគរបាលខណ្ឌ និងប៉ុស្ដិ៍ ត្រូវការចាំបាច់ណាស់លើពេលវេលា ដើម្បីធ្វើការកំណត់ពីមុខសញ្ញាឲ្យបានច្បាស់ និងទីតាំងដែលភាគច្រើនជនសង្ស័យ តែងតែធ្វើសកម្មភាព ដោយមានតម្រុយល្អប្រសើរហើយ ទើបឈានទៅពួនស្ទាក់ ដើម្បីលបឆ្មក់បង្ក្រាប ដកហូតថ្នាំញៀន ចំនួន៦កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យវៀតណាមនេះតែម្ដង។

ក្រោយបង្ក្រាបការជួញដូរថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យ ជាមួយវត្ថុតាង ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕​