(ភ្នំពេញ)៖ ក្រៅពីបន្តប្រចាំការនៅផ្សារជម្ពូវ័ន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់ នៅតាមម៉ាតមួយចំនួនជាអាទិ៍ផ្សារ C mart និងផ្សារ Star Mart នៅកំណាត់ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ។
មន្ដ្រីកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលពុំមានទំនិញខូចគុណភាព ដូចជាច្រែះស៊ី កំប៉ុងកំពិត ហួសកាលបរិច្ឆទកំណត់ប្រើប្រាស់ ត្រូវបានរកឃើញឡើយ ដោយសារក្រុមអាជីវករ មានការយល់ដឹងកាន់ច្បាស់អំពីបញ្ហានេះ។
សាខាកាំកុងត្រូល ក៏បានចុះឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈនានា ក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃសមស្របទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សម្រាប់អនុវត្តពីថ្ងៃទី១៦ ដល់៣១ ខែមករា ឆ្នាំ២០១៩ ដោយសាំងធម្មតាមានតម្លៃមិនលើសពី ៣,៣០០៛/លីត្រ និងប្រេងម៉ាស៊ូត មានតម្លៃមិនលើសពី៣,៣០០៛/លីត្រឡើយ៕