(ចិន)៖ ប្រទេសអេហ្ស៊ីប នឹងចាប់ផ្ដើមសាងសង់ខ្សែរថភ្លើងអគ្គិសនី ដំបូងបង្អស់ប្រចាំប្រទេស បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ពីប្រទេសចិន ចំនួន១ពាន់២រយលានដុល្លារអាមេរិក។ ផ្លូវរថភ្លើងកម្រិតស្រាលនេះ នឹងមានប្រវែង៦៧គីឡូម៉ែត ហើយធ្វើដំណើរឆ្លងកាត់ទីក្រុងចំនួន៥ ដែលស្ថិតនៅប៉ែកខាងកើតរដ្ឋធានីខាយរ៉ូ (Cairo) ដើម្បីឆ្ពោះទៅកាន់រដ្ឋធានី រដ្ឋបាលថ្មីរបស់អេហ្ស៊ីប។
លោក មហាម៉ាត់ អាប់ឌែល ម៉ូតេលែប នាយក ធនាគារ Arabi Online បានឲ្យដឹងថា «គម្រោងមួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះអ្វីដែលអេហ្ស៊ីបនៅខ្វះនោះ គឺការតភ្ជាប់គ្នារវាងរដ្ឋធានី ខាយរ៉ូ និង រដ្ឋធានីចាស់ដែលមានទីក្រុងថ្មីៗ ហ៊ុព័ទ្ធជុំវិញ។ ខ្សែរថភ្លើងថ្មីនេះ នឹងចាប់ផ្ដើមពីស្ថានីយ៍ អាត់លី ម៉ាន់សួរ ហើយឆ្លងកាត់រដ្ឋធានីថ្មី»។
រថភ្លើងដែលដើរដោយថាមពលអគ្គិសនីនេះ កំពុងទទួលថវិកាដោយប្រាក់កម្ចីពីធនាគារ China Exim។ អេហ្ស៊ីបនឹងត្រូវសងបំណុលនេះវិញ ក្នុងរយៈពេល១៥ឆ្នាំ និងមានរយៈពេលអនុគ្រោះចំនួន៥ឆ្នាំបន្ថែម ហើយអត្រាការប្រាក់នៃបំណុលនេះ គឺ១.៨ភាគរយ។ ក្រៅពីរថភ្លើងដែលរត់ក្នុងល្បឿន២៨០គីឡូម៉ែត ក្នុង១ម៉ោងនេះទៅ អេហ្ស៊ីបនិងចិន ក៏សហការគ្នាលើកិច្ចការជាច្រើនផ្សេងទៀតផងដែរ ក្នុងវិស័យដឹកជញ្ជូន។
លោក មហាម៉ាត់ អាប់ឌែល ម៉ូតេលែប បានបន្ថែមទៀតថា «រថភ្លើងអគ្គិសនីនេះ នឹងបើកទ្វាឲ្យមានការបង្កើតផ្លូវរថភ្លើងខ្នាតស្រាលបន្ថែមទៀត នៅតាមតំបន់ផ្សេងៗទៀត នៅប្រទេសអេហ្ស៊ីបយើងនេះ ដោយប្រើមធ្យោបាយដូចគ្នានេះ ជាមួយប្រទេសចិន។ ដូច្នេះយើងអាចខ្ចីប្រាក់ឡើងវិញពីប្រទេសចិន ដើម្បីយកមកពង្រីកផ្លូវរថភ្លើង ទៅកាន់តំបន់កាន់តែច្រើនបន្ថែមទៀត»។
បើយោងតាមរដ្ឋាភិបាលអេហ្ស៊ីប រថភ្លើងអគ្គិសនីនេះ គួរតែអាចសាងសង់រួចរាល់ជាស្ថាពរ ក្នុងរយៈពេល២ឆ្នាំកន្លះខាងមុខ។ រថភ្លើងនេះ នឹងផ្ដល់សេវាដឹកជញ្ជូន ដល់ប្រជាពលរដ្ឋទាំងឡាយ ដែលរស់នៅក្នុងរដ្ឋធានីថ្មី ដោយចាប់ផ្ដើមបើកឲ្យដំណើរការនាឆ្នាំ២០២០។
ប្រទេសអេហ្ស៊ីប កំពុងធ្វើគម្រោងខ្នាតយក្ស ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកជាច្រើនគម្រោង ក្នុងគោលដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានដូចជា ការបង្កើតផ្លូវហាយវេ និងបណ្ដាញដឹកជញ្ជូនថ្មីៗ សម្រាប់តភ្ជាប់ទីក្រុងថ្មីៗទាំង១៣ ដែលកំពុងសាងសង់ នៅទូទាំងប្រទេសអេហ្ស៊ីប៕