(ភ្នំពេញ)៖ ក្នុងឈុតជាកងទ័ព និងមានពាក់ផ្កាយមាស៥ នៅលើស្នា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះបានមានប្រសាសន៍ថា ប្រទេសខ្លះបានយកកម្លាំងប្រដាប់អាវុធទៅដណ្ដើមអំណាចពីរដ្ឋ ចុះកម្ពុជាគ្រាន់តែប្រើកងទ័ពដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ ហេតុអ្វីកម្ពុជាធ្វើមិនបាន?។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា កម្ពុជាគ្រាន់តែយកកងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ បែរជាត្រូវគេចោទថា ប្រព្រឹត្តទង្វើផ្ដាច់ការទៅ។ តើយុត្តិធម៌នៅកន្លែងសម្រាប់កម្ពុជា? ខណៈដែលប្រទេសខ្លះយកកម្លាំងប្រដាប់អាវុធទៅដំណ្ដើមអំណាច តែមិនមានបញ្ហាអ្វីដែលត្រូវរិះគន់ទាល់តែសោះ។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងនៅទីនេះគ្រាន់តែការពាររដ្ឋ ប្រទេសខ្លះគេហ៊ានប្រើកងទ័ព ដណ្ដើមយករដ្ឋ គេអាចធ្វើបាន ហើយគ្មានបញ្ហាទៀតផង ឯសម្រាប់យើងគ្រាន់តែការពាររដ្ឋ បែរជាមានឈ្មោះថាជាជនផ្ដាច់ការ វាមិនយុត្តិធម៌ទេនៅលើលោកីយ៍នេះ»។
បុរសខ្លាំងកម្ពុជា ក៏បានសម្ដែងនូវការហួសចិត្តផងដែរថា សូម្បីតែប្រទេសបារាំងបច្ចុប្បន្ន ក៏ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់នូវចលនាអាវកាក់ពណ៌លឿង ហើយអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់គ្រប់សកម្មភាពទាំងអស់ ហេតុអ្វីបានបារាំងអាចធ្វើបាន តែកម្ពុជាមិនអាចធ្វើបានទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៀតថា ថ្វីត្បិតតែកងទ័ពកម្ពុជាតិច កម្លាំងទន់ខ្សោយ តែកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារជាតិរបស់ខ្លួន ហើយទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងអស់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនថាឧទ្ទាមទីក្រុង ឬឧទ្ទាមក្នុងព្រៃនោះទេ៕