(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយអាថ៌កំបាំងមួយថា សម្តេច និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេចាប់ឃុំខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩៣ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយ អ៊ុនតាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សូមយកឱកាសនេះ ដើម្បីទម្លាយអាថ៌កំបាំងមួយ ដែលអ្នកដទៃមិនបានដឹង តែឥស្សរជននៅទីនេះមួយចំនួនបានដឹង គឺឯកឧត្តម ទៀ បាញ់ (សម្តេចពិជ័យសេនា ទៀ បាញ់) ឯកឧត្តម កែ គឹមយ៉ាន និង ឯកឧត្តម ប៉ុល សារឿន ដែលខ្ញុំក្នុងនាមជា ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅពេលនោះ ហើយឯកឧត្តម ប៉ុល សារឿន ជានាយអគ្គសេនាធិការនៅពេលនោះ ត្រូវបានគេចាប់ឃុំនៅក្នុងផ្ទះរួចស្រេចទៅហើយ»។
សម្តេចបានបន្តទៀតថា នាយឧត្តមសេនីយ៍ ប៉ុល សារឿន ពេលនោះត្រូវគេចាប់ឃុំក្នុងផ្ទះមុនសម្តេចទៅទៀត ប៉ុន្តែការចាប់ខ្លួនរបស់សម្តេច កើតឡើងដោយការធ្វេសប្រហែសរបស់សម្តេច ដែលធ្វើដំណើរទៅផ្ទះអ្នកដទៃ ដោយមានតែតៃកុងឡានម្នាក់ និងអង្គរក្សម្នាក់។ នៅពេលនោះ សម្តេចបានប្រាប់អ្នកចាប់សម្តេចឃុំនៅក្នុងផ្ទះថា ដើម្បីចៀសផុតពីការបង្ហូរឈាម សម្តេចញុំសុខចិត្តចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ហើយប្រគល់តំណែងនេះ ឱ្យអ្នកដែលចាប់សម្តេចឃុំនោះធ្វើជានាយករដ្ឋមន្រ្តីបន្តបន្តវិញ។ សម្តេចបានអះអាងថា អ្នកដែលចាប់សម្តេចឃុំនោះ គឺមិនព្រមទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៩៣នោះទេ ដូច្នេះហើយវិធីដើម្បីនឹងដោះស្រាយបញ្ហារបស់ពួកគេ គឺចាប់សម្តេច ដែលជាអ្នកយុទ្ធសាស្រ្តធំបំផុត របស់គណបក្សប្រជាជនតែម្តង។
សម្តេចបានបញ្ជាក់ថា «ខ្ញុំបានប្រាប់ថា យើងមិនអាចធ្វើដូច្នោះទេ ដើម្បីចៀសផុតពីការបង្ហូរឈាម នៅល្ងាចនេះនៅម៉ោង៦ ខ្ញុំនឹងប្រកាសលាលែងពីតំណែង ហើយរដ្ឋសភារបស់អតីតរដ្ឋសភារបស់រដ្ឋកម្ពុជា ដែលនៅសេះសល់ សូមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ពេលនោះខ្ញុំក៏ឆ្លៀតឱកាសដើម្បីនឹងអញ្ជើញ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន ដែលពេលនោះនៅមានងារជាឯកឧត្តម, ឯកឧត្តម ទៀ បាញ់, ឯកឧត្តម កែ គឹមយ៉ាន និងសមាជិកគណៈអចិន្រ្តៃយ៍មួយចំនួនទៀត បានទៅកាន់ទីនោះតែម្តង។ ពេលទៅដល់ ខ្ញុំបាននិយាយថា ខ្ញុំនឹងប្រកាសលាលែងចេញពីតំណែងនៅល្ងាចនេះតែម្តង ពេលនោះខ្ញុំនៅចាំបានថា ឯកឧត្តម ទៀ បាញ់ និងឯកឧត្តម កែ គឹមយ៉ាន បានប្រតិកម្មយ៉ាងខ្លាំង ហើយថា បើសិនជាមានការលាលែងតំណែងរបស់ខ្ញុំ ការបង្ហូរឈាមមួយនឹងត្រូវចាប់ផ្តើមឡើង។ ដូច្នេះបំណងប្រាថ្នានៃការចាប់ខ្លួន ហ៊ុន សែន ដើម្បីសម្រេចការបំផ្លាញចោលលទ្ធផលនៃការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ គឺមិនត្រូវបានសម្រេច តាមរយៈការសង្រ្គោះ»។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលពេលនោះបានប្តេជ្ញាការពារសម្តេច និងមិនគាំទ្រចំពោះការលាលែង ពីតំណែងរបស់សម្តេច គ្រាដែលនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេចាប់ឃុំខ្លួន។
សម្តេចបានបញ្ជាក់ទៀតថា «នេះជាការទម្លាយអាថ៌កំបាំង បញ្ហានេះហើយដែលខ្ញុំបានពង្រឹងសមត្ថភាពនៃកម្លាំង ដែលខ្ញុំត្រូវបញ្ជាផ្ទាល់ ដើម្បីចៀសវាង នូវប្រវត្តិច្រំដែលនៃប្រវត្តិសាស្រ្ត ដែលថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣ ខ្ញុំត្រូវបានគេចាប់ខ្លួនម្តង ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩៤ ក៏ត្រូវមានការប៉ុនប៉ងធ្វើរដ្ឋប្រហារចាប់ខ្លួនខ្ញុំសារជាថ្មីម្តងទៀត ហើយការចាប់ខ្លួនទាំងអស់សុទ្ធតែមានបំណងជាមួយនឹងការបំផ្លាញចោលនូវសមិទ្ធផលសន្តិភាព»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅដំណាក់កាលដែលសម្តេចកាន់អំណាច គឺដាច់ខាតមិនឱ្យមានរដ្ឋប្រហារកើតឡើងនោះទេ។ រឿងរដ្ឋប្រហារនេះ ក៏បានបំផ្លាញកម្ពុជា តាមរយៈថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ហើយរហូតដល់សម័យខ្មែរក្រហម៕