(ភ្នំពេញ)៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្រៃពីថ្លៃសំបុត្រចូលទស្សនា តំបន់រមណីយដ្ឋានអង្គរ ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឆ្នាំ២០១៨។
បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា, អនុវត្តតាមការសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការកាត់កម្រៃពីថ្លៃសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា គ្រឹះស្ថានអង្គរដែលជាស្ថាប័នទទួលខុសត្រូវ លើការគ្រប់គ្រងការប្រមូលចំណូលនេះ បានបង់ថវិកាសរុបចំនួន ៥,១៨១,៦៣០ (ប្រាំលានមួយរយប៉ែតសិបមួយពាន់ប្រាំមួយរយសាមសិប) ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។
មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ដោយយោងតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់សរុបចំនួន ៣,៤៦៤,៤៧០ (បីលានបួនរយហុកសិបបួនពាន់ បួនរយចិតសិប) ដុល្លារអាមេរិក ដែលជាកម្រៃក្នុងត្រីមាសទី២, ទី៣ និងទី៤ នៃឆ្នាំ២០១៨ ត្រូវបានបង់ដោយគ្រឹះស្ថានអង្គរ មកមូលនិធិគន្ធបុប្ផាកម្ពុជា ដែលក្នុងនោះ៖
* ត្រីមាសទី២ មានទឹកប្រាក់ចំនួន ៩៩៦,៧៦២ ដុលា្លរអាមេរិក
* ត្រីមាសទី៣ មានទឹកប្រាក់ចំនួន ១,០៨៩,២១៦ ដុល្លារអាមេរិក
* ត្រីមាសទី៤ មានទឹកប្រាក់ចំនួន ១,៣៧៨,៤៩២ ដុល្លារអាមេរិក។
ដោយឡែក ទឹកប្រាក់ក្នុងត្រីមាសទី១ ចំនួន ១,៧១៧,១៦០ ដុល្លារអាមេរិក ត្រូវបានគ្រឹះស្ថានអង្គរប្រគល់ ដោយផ្ទាល់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលការប្រគល់នេះ បានធ្វើនៅមុនពេលមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ។
ក្រោយពីបានទទួលថវិកាពីគ្រឹះស្ថានអង្គរទាំងបីត្រីមាសនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ប្រក្រតីភាព និងនិរន្តរភាពនៃការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារ និងទារកដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។
បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដើម្បីបុព្វហេតុជួយសង្គ្រោះកុមារ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។
នៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» មូលនិធិ គន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់ស្ថាប័ន ទាំងរដ្ឋ និងទាំងឯកជន ក៏ដូចជាសប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូប ដែលរស់នៅក្នុងកម្ពុជា៕