(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ នៃប្រទេសកម្ពុជា បានដាស់តឿនក្រើនរំឭកដល់បណ្ដាកងទ័ពកម្ពុជាទាំងឡាយ ទោះនៅក្នុងប្រទេស ឬនៅក្រៅប្រទេសក្ដី ត្រូវរក្សាភាពស្អាតស្អំ និងភាពថ្លៃថ្នូររបស់កងទ័ពទាំងមូល ដាច់ខាតមិនត្រូវធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែកនោះឡើយ។
ការប្រកាសយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រីកម្ពុជាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ២០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពជើងគោក ដែលចម្រុះក្រោមកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩។ ពិធីអបអរសាទរយ៉ាងមហោឡារឹកនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងចំណោមអនុសាសន៍ជាច្រើនចំណុច ដែលបានបញ្ជ្រាបដល់កងទ័ពទាំងអស់នោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំហើយផ្ដាំទៀតថា សូមឱ្យកងទ័ពទាំងអស់ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជននៅគ្រប់កាលៈទេសៈ ពិសេសពេលមានគ្រោះមហន្តរាយ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កងទ័ពជាកូនចៅរបស់ប្រជាជន ទោះនៅទីកន្លែងណាក៏ដោយ ត្រូវមើលត្រូវដឹងសុខទុក្ខរបស់ប្រជាជន ជួយដល់ប្រជាជនដែលមានការលំបាក ហើយត្រូវខិតខំធ្វើកិច្ចការជួយដល់ប្រជាជនដែលអាចធ្វើទៅបាន ជាពិសេសប្រជាជនដែលមានជីវភាពក្រីក្រលំបាក។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ផ្កាយមាស៥រូបនេះ ក៏បានកោតសរសើរចំពោះកងទ័ពផងដែរ ដែលរយៈពេលកន្លងទៅ បានចុះជួយច្រូតកាត់ និងជួយដកស្ទួងជាមួយប្រជាជន ពិសេសពេលមានគ្រោះទឹកជំនន់ ឬរាំងស្ងួត កងទ័ពក៏បានចូលរួមជួយដល់ប្រជាជនផងដែរ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «នេះបានបង្ហាញច្បាស់អំពីធាតុពិតនៃកងទ័ព ដែលនោះក៏ជាផ្នែកមួយនៃខឿនការពារជាតិរបស់ប្រជាជន ដូច្នេះសូមអ្នកទាំងអស់ចាំឱ្យបានច្បាស់ ត្រូវជួយដល់ប្រជាជន ហើយកុំធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែកដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង ត្រូវធ្វើឱ្យកងទ័របស់របស់យើងស្អាតស្អំឡើង ហើយជួយដល់ប្រជាជននៅគ្រប់កាលៈទេសៈ រួមទុក្ខរួមសុខជាមួយប្រជាជន»។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានណែនាំឱ្យកងទ័ពត្រូវគាំទ្រដល់កម្លាំងអនុវត្តន៍ច្បាប់ ដើម្បីធានាដល់ការការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត ដាច់ខាតមិនត្រូវក្លាយខ្លួនទៅជាអ្នកកាប់ឈើ ឬការពារឈ្មួញកាប់ព្រៃឈើនោះទេ។
ទន្ទឹមនឹងការកោតសរសើរចំពោះកងទ័ពកម្ពុជា ដែលត្រូវបានបញ្ជូនចេញទៅជួយការពារសន្តិសុខនៅក្រៅប្រទេស នាយករដ្ឋមន្ត្រីកម្ពុជាដ៏អង់អាចរូបនេះ ក៏បានផ្ដាំផ្ញើដល់កងទ័ពរបស់កម្ពុជា ដែលកំពុងរស់នៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្ដាលជាដើម សូមជួយដល់ប្រជាជននៅទីនោះ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដាច់ខាតកុំធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់ប្រជាជននៅក្នុងប្រទេស ដែលយើងចូលរួមរក្សាសន្តិសុខឱ្យសោះ៕