(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គម្រោង «កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា» គឺបាន
ផ្តល់សេវាកម្មស្តារលទ្ធភាពពលកម្មកាយសម្បទា ជូនជនពិការប្រកបដោយគុណភាព និងប្រកបដោយនិរន្តរភាព និងបានផ្តល់សិទ្ធិអំណាចដល់មជ្ឈមណ្ឌលស្តារផងដែរ។ លោក នឹម ថូត បានលើកឡើងថា គម្រោងនេះបង្កើតឡើងបន្ទាប់ពីពិនិត្យឃើញថា ជនពិការត្រូវការកិច្ចអន្តរាគមន៍ ផ្នែកសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ប្រកបដោយគុណភាព និងបរិយាប័ន្នពិការភាព សេដ្ឋកិច្ចសង្គម។
ការលើកឡើងរបស់ លោក នឹម ថូត បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Marc Zlot ប្រធានកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ព្រមទាំងសហការីមួយចំនួនទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងសង្គមកិច្ច។
ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចដដែលបានលើកឡើងថា សេវានេះបានផ្តល់ជូនជនពិការតាមរយៈមជ្ឈមណ្ឌលស្គារខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលស្តារខេត្តបាត់ដំបង ដែលគាំទ្រ ដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកម្មវិធីចុះផ្តល់សេវាស្តារលទ្ធភាពនៅតាមសហគមន៍។
ជាមួយគ្នានោះ លោក Marc Zlot ប្រធានកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា បានលើកឡើងថា គម្រោង «កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា» គឺមានផលប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា ជាពិសេស ជនមានពិការភាព ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល បានទទួលសេវាស្តារលទ្ធភាពនៅតាមសហគមន៍។
លោក Marc Zlot បានលើកឡើងទៀតថា «កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា» នៅមានសកម្មភាពការងារជាច្រើនទៀត ដែលត្រូវការ ការសហការជាចាំបាច់ពីក្រសួងសង្គមកិច្ច និងភាគីពាក់ព័ន្ធជាច្រើនទៀត។ លោកបានបញ្ជាក់ថា អង្គការ ICRC នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសង្គមកិច្ច ជាបន្តបន្ទាប់រហូតដល់ អាចជួយក្នុងវិស័យពិការភាព ឲ្យមានស្ថានភាពកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ថែមពីលើនេះ លោក នឹម ថូត ក៏បានថ្លែងអរគុណ ដល់អង្គការ ICRC ដែលបានជួយដល់កម្ពុជា នាពេលកន្លងមកនេះ ហើយសង្ឃឹមថា អង្គការមួយនេះ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយ ក្រសួងសង្គមកិច្ច ឲ្យដំណើរការការងារ កាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
គួរបញ្ចាក់ថា គម្រោង«កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា» ទទួលបានផលប្រយោជន៍ជាច្រើនរួមមាន ជនមានពិការភាព ចំនួន ១១,០០០នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ពីមណ្ឌលស្តារភូមិភាគខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ, ជនមានពិការភាព ដែលបានទទួលសេវាកម្មពីមណ្ឌលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ ឱកាស ការងារកីឡា និងគំនិតផ្តួចផ្តើម សេដ្ឋកិច្ចខ្នាតតូចជាដើម៕