(កោះកុង)៖ អាជីវករខ្មែរលក់ដូរនៅស្រុកខ្លង់យ៉ៃ ខេត្តត្រាត ប្រទេសថៃ ជាប់ព្រំដែនច្រកទ្វារអន្តរជាតិចាំយាម-ហាលិក ចំនួន២៨តូប ត្រូវទាហាមជើងគោគថៃ និងគណៈកម្មាធិការចម្រុះថៃ ចុះមកចាប់ឥវ៉ាន់ ដែលដាក់តាំងលក់បន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាពគ្រួសារ នៅវេលាម៉ោង៨៖២០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ស្រ្តីអាជីវករ អ៑ំ បុប្ផា បានឲ្យដឹងថា គាត់បានលក់ដូរនៅហាលិចជិត១០ឆ្នាំហើយ ដោយភាគីថៃ តែងតែរករឿងជាញឹកញាប់ដែរ រហូតហាមមិនឲ្យយកឥវ៉ាន់ខ្មែរ ចូលលក់ទេ គឺតម្រូវឲ្យលក់តែរបស់នាំថៃដូចជា បារី ស្រា និងទំនិញផ្សេងៗទៀត។
លោកស្រី បានបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះ ទាហានថៃ បានចុះមកចាប់បារីរបស់ពួកគាត់ ដែលយកចូលពីកម្ពុជា លក់ជាលក្ខណៈគ្រួសារបន្តិចបន្តួចដូចសព្វដង។ ទាហានថៃ បានបន្លំខ្លួនធ្វើជាអ្នកមកទិញបារី សួរគាត់ថា មានបារីខ្មែរលក់អត់ គាត់បានឆ្លើយថា មានលក់ស្រាប់តែពេលនោះ ទាហានថៃ បានចាប់ក្រៀកគាត់ជាប់ រុញគាត់ខ្ចប់នឹងជញ្ជាំង ហើយចាប់រឹបអូសបារីគាត់។
គាត់បានបញ្ជាក់បន្ថែមថា ដោយមើលឃើញនូវទង្វើដ៏អាក្រក់របស់ទាហានភាគីថៃ បែបនេះក្រុមអាជីវករ និងអាជ្ញាធរប្រចាំមាត់ច្រកទ្វារអន្តរជាតិចាំយាម បានសុំទទូចដល់ថ្នាក់ដឹកនាំខេត្តកោះកុង ជួយអន្តរគមន៍ទាន់ពេលវេលា ហើយជួយដោះស្រាយយកឥវ៉ាន់របស់ពួកគាត់មកវិញទាន់ពេលវេលាផង។
លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម បានឲ្យថ្លែងថា ចំពោះបញ្ហានេះ ទាហានថៃ ពិតជាបានមកចាប់ទំនិញពីក្រុមអាជីវករខ្មែរពិតប្រាកដមែន តែដំណោះស្រាយនេះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរបានជួយដោះស្រាយ។ ជាលទ្ធផល ការដោះស្រាយត្រូវប្រើរយៈពេល២ម៉ោង ជាមួយភាគីថៃ ដើម្បីយកឥវ៉ាន់របស់បងប្អូនមកវិញ ដោយមានការឯកភាពពីថៃផងដែរ។
ជាមួយគ្នានេះ ក្រុមអាជីវករខ្មែរ ក៏បានសំណូមពរទៅភាគីថៃ ឲ្យមានការបើកទូលាយក្នុងការលក់ដូររបស់អាជីវករខ្មែរ មានភាពធូរលុងខ្លះផង ឲ្យដូចការនាំទំនិញចូលមកកម្ពុជាអញ្ចឹងដែរ ហើយចំពោះបញ្ហានេះ លោកនឹងរាយការណ៍ជូនខេត្តបន្តទៀតនូវសំណូមពររបស់ពួកគាត់៕