(ក្រចេះ)៖ វិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានប្រារព្ធពិធីចែកប័ណ្ណសរសើរដល់សិស្សពូកែ និងសំណេះសំណាលជាមួយសិស្សពូកែ ដែលនឹងត្រៀមខ្លួនប្រលងសិស្សពូកែថ្នាក់ខេត្តនាថ្ងៃទី០២ ខែមីនាខាងមុខនេះ។

ពិធីនេះដែរក្រោមវត្តមានលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ និងជាអនុប្រធាន ក្រុមការងារចុះជួយស្រុកឆ្លូង តំណាងលោក វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក ជុត ចាន់ណាក់ នាយកវិទ្យាល័យសិលាវេទី គាត ឈន់ បានឲ្យដឹងថា ការប្រលងសិស្សពូកែមានបេក្ខជន៤៨នាក់ ជាសិស្សថ្នាក់ទី១២ ដែលបានជាប់ចំនួន១២នាក់ ដែលមាន៣មុខវិជ្ជាប្រឡងរួមមាន៖ គណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ជាពិសេសបេក្ខជនទាំង១២នាក់នេះ នឹងត្រៀមខ្លួនទៅប្រលងសិស្សពូកែថ្នាក់ខេត្ត នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងក្រចេះ ខេត្តក្រចេះ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន បានកោតសរសើរដល់ប្អូនៗ ដែលជាទំពាំងស្នងប្ញស្សីទាំង១២នាក់នេះ ជាពិសេសលោកគ្រូអ្នកគ្រូ និងឪពុកម្តាយ ដែលជាអាណាព្យាបាលសិស្ស ដែលតែងតែជំរុញ និងលើកទឹកចិត្តដែលធ្វើឲ្យ ពួកគេសម្រេចបាននាពេលនះ ព្រមទាំងផ្តាំផ្ញើឲ្យចេះស្រលាញ់គ្នា និងសាមគ្គីគ្នា យកចិត្តទុកដាក់ ក្នុងការប្រលងសិស្សពូកែថ្នាក់ខេត្ត និងជូនពរឲ្យជោគជ័យ ទទួលបានជ័យលាភី ក្នុងការប្រឡង ដើម្បីយកត្តិយសជូនសាលា និងលោកគ្រូអ្នកគ្រួ ឪពុកម្តាយ ដែលជាអាណាព្យាបាល និងសំរាប់ខ្លួនឯងផ្ទាល់ ជាពិសេសត្រូវខិតខំប្រឹងប្រែង បន្ថែមបន្តទៀត ដើម្បីប្រលងឲ្យជាប់មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ៕