(សៀមរាប)៖ លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប បានថ្លែងថា ថ្នាំជក់បានបង្កឲ្យកើតជំងឺជាច្រើនប្រភេទ ដូចជា ជំងឺមហារីក សរសៃឈាម បេះដូង ជំងឺផ្លូវដង្ហើម ផ្លូវរំលាយអាហារ ហើយថ្នាំជក់មិនមែនជាផលិតផលធម្មតានោះទេ ជាឃាតកលាក់មុខ វាបានបំផ្លាញសរីរាង្គ និងសម្លាប់អ្នកជក់ និងអ្នកស្រូបផ្សែងបារីយ៉ាងស្ងៀមស្ងាត់បំផុត។
លោក បូ ម៉េងទ្រី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានបើកកិច្ចប្រជុំ គណៈកម្មការអនុវត្តគម្រោងទីក្រុងគ្មានផ្សែងបារី នៅក្រុងសៀមរាប ហើយពិធីនោះដែរក៏មានការចូលរួមពីគណៈកម្មការអនុវត្តគម្រោងទីក្រុងគ្មានផ្សែងបារី នៅក្រុងសៀមរាប ដែលជាក្រុមប្រឹកសាសង្កាត់ និងសមត្ថកិច្ចដៃគូរពាក់ព័ន្ធប្រមាណ៥០រូបផងដែរ។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាព បានគូសបញ្ជាក់បន្ថែមថា ក្រុងសៀមរាប គឺជាមុខមាត់របស់ប្រទេសកម្ពុជា ដែលជាក់ស្ដែងកំពុងតែមានកំណើន នៃចំនួនភ្ញៀវ ទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការខិតខំប្រែក្លាយទីក្រុងទេសរណ៍ ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងគ្មានផ្សែងបារី គឺជាផ្នែកមួយដ៏សំខាន់ថែមទៀត ក្នុងការជម្រុញកំណើនភ្ញៀវទេសចរណ៍ឲ្យមកទស្សនា ហើយការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តនូវអនុសញ្ញាអន្តរជាតិ ស្ដីពីការត្រួតពីនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងមានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពប្រជាជន ពីការស្លាប់បាត់បង់ជីវិត ដោយសារការប្រើប្រាស់ថ្នាំជក់ ក៏ដូចជា សុខភាពរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយដែលចូលមកប្រទេសកម្ពុជា ជាពិសេសទីក្រុងសៀមរាប ឲ្យរួចផុតពីគ្រោះថ្នាក់ដែលបង្ករឡើងដោយថ្នាំជក់។
លោក បូ ម៉េងទ្រី បានថ្លែងថា ថ្នាំជក់បានបង្កឲ្យកើតជំងឺជាច្រើនប្រភេទ ដូចជា ជំងឺមហារីកសរសៃឈាម បេះដូង ជំងឺផ្លូវដង្ហើម ផ្លូវរំលាយអាហារ ។ល។ ហើយថ្នាំជក់មិនមែនជាផលិតផល ធម្មតានោះទេ ជាឃាតកលាក់មុខ វាបានបំផ្លាញសរីរាង្គ និងសម្លាប់អ្នកជក់ និងអ្នកស្រូបផ្សែងបារីយ៉ាងស្ងៀមស្ងាត់បំផុត។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ក្នុងមួយឆ្នាំមានមនុស្សទូទាំងពិភពលោកប្រមាណ ៧លាននាក់ បានស្លាប់ដោយសារជំងឺ ដែលបង្កមកពីការជក់បារី ហើយនៅកម្ពុជា មានមនុស្សប្រមាណជាង១៦ពាន់នាក់ បានស្លាប់ដោយសារការជក់បារី ខណៈដែលកម្ពុជា ត្រូវចំណាយថវិកាប្រមាណ១៦៣លានដុល្លារ ក្នុងមួយឆ្នាំដើម្បីព្យាបាលជំងឺ ដែលបណ្ដាលមកពីការជក់បារី ហើយពលរដ្ឋកម្ពុជា ក៏បានចំណាយថវិកាលើការទិញបារីប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំៗ ផងដែរ។
លោកបានបន្ថែមទៀតថា កន្លងមករដ្ឋបាលក្រុងសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខភាពប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ហើយបច្ចុប្បន្ននេះរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ បានបន្តបិទសញ្ញាហាមជក់បារី នៅតាមមូលដ្ឋានសុខាភិបាល, គ្រឹះស្ថានសិក្សា, គ្រឹះស្ថានសាសនា, សាលាសង្កាត់, ប៉ុស្តិ៍នគរបាល, ស្ថានីយ៍ប្រេង, សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន/អាហារដ្ឋាន/ ហាងការហ្វេ, កន្លែងលក់គ្រឿងទេស, តាមផ្សារទំនើប, និងតាមទីកន្លែងសាធារណៈសំខាន់ៗជាច្រើនកន្លែងទៀត ផងដែរ។
សូមបញ្ជាក់ថា ទីក្រុងគ្មានផ្សែងបារី គឺមាន ទី១៖ ហាមឃាត់ការជក់បារី ក្នុងអគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ ទី២៖ ហាមជក់បារីខាងក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ទី៣៖ អាចជក់បារីបាន នៅក្រៅអគារចម្ងាយ ៥ម៉ែត្រពីច្រកចូល ទី៤៖ ហាមជក់បារីក្នុងបរិវេណនៃគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈ គ្រឹះស្ថានសាសនា សារមន្ទីរ រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ កន្លែងហាត់ប្រាណ ស្ថានីយ៍ប្រេងឥន្ធៈ និងកន្លែងងាយឆាបឆេះ៕