(ប៉ៃលិន)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យកើតមានឡើងក្នុងរដូវក្ដៅនេះ ដោយតាមតំបន់ព្រៃឈី ទីវាល មានសម្ភារ ឬស្មៅ ស្លឹកឈើក្រៀមស្ងួត មានកំទេចភ្លើងងាយឆាបឆេះ ដល់ផ្ទះពុកម៉ែបងប្អូន។
ការថ្លែងដូច្នេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសសម្ដេចអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ ចំនួន ២,៦៧៤គ្រួសារ (ក្នុងនោះមានបងប្អូនខ្មែរឥស្លាម ចំនួន៥០គ្រួសារ) ដែលមកពី៤៥ភូមិ ក្នុងឃុំចំនួន៤ នៃក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ កម្មវិធីនេះ ប្រារព្ធធ្វើឡើងនៅភូមិអូតាវ៉ៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ករណីភ្លើងឆេះផ្ទះនេះ ពេលខ្លះមិនមែន ឆេះតែផ្ទះរបស់ខ្លួនមួយនោះទេ គឺរាលដាលដល់ផ្ទះអ្នកជិតខាងយើងបន្ថែមទៀត ដែលយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច» ។
ករណីខ្លះដែលបណ្ដាលភ្លើងឆេះផ្ទះ គឺបណ្ដាលពីមូលហេតុជាច្រើន ខ្លះមកពីកំទេចភ្លើងសល់បន្ដិចបន្ដួចនៅចង្ក្រានបាយ ភ្លើងធូបទៀន ឆ្លងចរន្ដអគ្គិសនី រីឯនៅតាមវាល ឬព្រៃភ្នំ ដោយសារអាកាសធាតុក្ដៅខ្លាំង ដើមឈើស្ងួតងាយឆាបឆេះ ជាពិសេសភ្លើងកន្ទុយបារី ដែលជក់ហើយបោះចោលក៏មាន។
ក្នុងឱកាសនោះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ពីសុខទុក្ខរបស់ប្រជានុរាស្រ្តរបស់ព្រះអង្គ។
ព្រមជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ជៀសវាងជំងឺដង្កាត់ផ្សេងៗ ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ រួមទាំងខាតបង់សេដ្ឋកិច្ចគ្រួសារ, ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍, ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាមូលហេតុឲ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស ដោយពេលខ្លះសម្លាប់ សូម្បីតែម្ដាយឪពុកខ្លួនឯង ដែលធ្វើឲ្យសង្គមស្អប់ខ្ពើម និងបំផ្លាញអនាគតរបស់ខ្លួន និងគ្រួសារ ។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំណូមពរដល់ពលរដ្ឋ កុំប្រព្រឹត្ដល្បែងស៊ីសង ហើយចំពោះអ្នកកើតជំងឺអេដស៍ សូមកុំចម្លងដល់អ្នកដទៃ និងក្រុមគ្រួសារ។ រីឯអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យារជីវិតឲ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។
ទន្ទឹមនឹងនេះផងដែរ ដើម្បីជៀសវាងការគ្រោះថ្នាក់ផ្សេងៗចំពោះស្ដ្រីមានផ្ទៃពោះ ក៏សូមផ្ដាំផ្ញើ ដល់បងប្អូនស្រ្ដីមានផ្ទៃពោះទាំងអស់ ត្រូវចេះស្រលាញ់សុខភាពខ្លួន និងកូនក្នុងផ្ទៃ ត្រូវទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឲ្យបានទៀងទាត់ តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូពេទ្យ ។
ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏បានជំរុញ លើកទឹកចិត្ដ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល ដាំដំណាំផ្សេងៗទៀត ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ ។
ព្រមជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលចេះស្រលាញ់ជួយយកអាសារគ្នាទៅវិញទៅមក ដោយមិន មិនប្រកាន់ និងរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈទាបខ្ពស់ឡើយ គឺបានរួមរស់សាមគ្គីគ្នា ក្រោមដំបូលសន្តិភាព ។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រ ជាស្បៀង សម្ភារ និងថវិកា ដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវា ៨ ឧសភា និងឱកាសផ្សេងៗ ដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាកដល់ប្រជាជនកម្ពុជាងាយរងគ្រោះ និងរងគ្រោះបំផុត។
សូមជម្រាបថា ការចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជានៅថ្ងៃនេះ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្រាប់បងប្អូនជនពិការ ទទួលបានរទេះជនពិការបន្ថែមចំនួន ១គ្រឿង និងថវិកា ១០០,០០០រៀល។
គួររំលឹកថា ក្នុងរយៈពេល២ថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ៥,០៧៧គ្រួសារ (ក្នុងនោះមានជនជាតិខ្មែរ-ឥស្លាមចំនួន ៧៣គ្រួសារ) រស់នៅក្នុងក្រុង/ស្រុកទាំង២ នៃខេត្តប៉ៃលិន៕