(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនបុរសវ័យចំណាស់ម្នាក់ ទៅកាន់សាលាដំបូងខេត្តក្រចេះ ពីបទរំលោភសេពសន្ថវៈលើកូនស្រីបង្កើត អាយុទើបតែ១៣ឆ្នាំ បានសម្រេចចំនួន១០លើក។
ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ ត្រូវជាឪពុកបង្កើតជនរងគ្រោះឈ្មោះ ឆ.ស.រ អាយុ១៣ឆ្នាំ។ ជនរងគ្រោះ ត្រូវបានឪពុកបង្កើតចាប់រំលោភ បានសម្រេចចំនួន១០លើកមកហើយ។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៨ (មិនចាំថ្ងែខែ) ជនល្មើសបាននាំកូនស្រីទៅអារឈើនៅក្នុងព្រៃជាមួយគ្នា និងបានបង្ខិតបង្ខំកូនស្រីខ្លួន រំលោភសេពសន្ថវៈរហូតបានសម្រេច ហើយបានគំរាមថា បើហ៊ាននិយាយរឿងនេះ ប្រាប់ម្តាយឬប្រាប់អ្នកផ្សេង នឹងវាយសម្លាប់ចោល។ ក្រោយមកជនសង្ស័យ បានធ្វើសកម្មភាពរំលោភទៅលើកូនស្រីខ្លួន បានសម្រេចជាបន្តបន្ទាប់ ខណៈពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ និងនៅពេលទៅអារឈើនៅក្នុងព្រៃតែពីរនាក់។
លុះដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ជនល្មើសនោះ បានហៅកូនស្រីឲ្យទៅបោសសម្អាតកន្លែងអារឈើ ហើយក៏បានចាប់បង្ខំរំលោភកូនស្រីទៀត តែពេលនោះ ជនរងគ្រោះបានស្រែកយំ អង្វរឪពុករបស់ខ្លួនកុំឲធ្វើសកម្មភាពបែបនេះ មកលើខ្លួន។ ពេលនោះឪពុកល្មោភកាមមិនយល់ព្រម ក៏ចាប់បង្ខំរំលោភកូនស្រីបានសម្រេចម្តងទៀត។
លុះដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ពេលជនសង្ស័យចេញដំណើរទៅខេត្តរតនគិរី ជនរងគ្រោះក៏បានសម្រេចចិត្តប្រាប់ម្តាយ ពីរឿងដែលឪពុកបានចាប់រំលោភមកលើខ្លួន បានសម្រេចជាច្រើនលើក។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ធូ សំអូន ត្រូវជាម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលអូរគ្រៀង អំពីរឿងហេតុដែលកូនបាននិយាយប្រាប់។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកសហជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង ចុះទៅដល់កន្លែងកើតហេតុ និងប្រមូលព័ត៌មានជុំវិញរឿងហេតុខាងលើ។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ពេលជនសង្ស័យវិលត្រឡប់មកពីខេត្តរតនគិរីវិញ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួន មកសាកសួរក្រោយពីការសាកសួរ។ ជនល្មោភកាម ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់បង្ខំកូនស្រីរំលោភសេពសន្ថវៈសម្រេចចំនួន១០ដងមែន ហើយថែមទាំងបានគំរាមសម្លាប់ពិតប្រាកដមែន។
លោក កែវ ចន្ធី នាយការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមករានេះ ដើម្បីចាត់វិធានការតាមនីតិវិធី៕