(រតនគិរី)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ នៅទីស្នាក់ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មានអ្នកចូលរួម១៥០នាក់។
ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ទឹម មុន្នីរតន៍ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត, លោក ហោ ឆែល អភិបាលរងក្រុងបានលុង និងលោក ទឹម លួង ចៅសង្កាត់យក្ខឡោម។
លោក ទឹម មុន្នីរតន បានលើកឡើងក្នុងពិធីខាងលើនេះថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនោះ អ្នកត្រូវមានឯកសារចូលរួមដូចជា អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រកំណើត,សំបុត្រអាពាហ៍ពិពាហ៍, ឯកសារក្បាលដី (លិខិតស្នាមដីធ្លី) ជាដើម។
លោក ទឹម មន្នីរតន៍ បន្តថាត្រូវមានអត្តសញ្ញាណ០២ ដែលសំខាន់ក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គឺស្ថានភាពដី (លើចំណីផ្លូវ, ជាប់អូរ, ជាប់ព្រែក) និងស្ថានភាពមនុស្ស (មេម៉ាយ, ពោះម៉ាយ) ហើយរាល់ការងារទាំងអស់ខាងលើនេះ គ្មានកម្រៃសេវាអ្វីទេលើកលែងច្បាប់រដ្ឋ។
មានមតិសំណេះសំណាលក្នុងឱកាសខាងលើនេះដែរ លោក ហោ ឆែល បានសម្តែងនូវការដឹងគុណ ចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តដែលបានបញ្ជូនក្រុមការងារ មកចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋក្រុងបានលុង នាពេលនេះ។
ទន្ទឹមនេះក្នុងនាមលោកផ្ទាល់ បានសំណូមពរដល់បងប្អូនដែលបានចូលរួម សូមយកពិធីផ្សព្វផ្សាយនេះ ទៅផ្សព្វផ្សាយបន្តដល់បងប្អូន ដែលមិនបានចូលរួម។
ទាក់ទិនទៅនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា មានការយឺតយ៉ាវ កន្លែងខ្លះចុះជាលក្ខណៈប្រព័ន្ធហើយ ប៉ុន្តែមិនទាន់ចេញប័ណ្ណ។
លោក ជ្រុន សំបូរណ៍ ប្រធានក្រុមការងារវាល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ពួកគាត់ខ្លះខ្វះឯកសារដូចជា លិខិតបញ្ជាក់ការកាន់កាប់ដីធ្លី, លិខិតផ្ទេរសិទ្ធិ និងអត់បានមកបំពេញទិន្នន័យក្បាលដី មិនគ្រប់ចំនួនជាដើម៕