(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ឱសានវាទ២សប្តាហ៍ ចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់ អមសងខាងបណ្តោយផ្លូវជាតិលេខ១ ដោយត្រូវបញ្ឈប់ជាបន្ទាន់។

ការកំណត់ពេលវេលាឲ្យអ្នករំលោភចិញ្ចើមផ្លូវ ធ្វើការុះរើចេញនេះ ធ្វើឡើងខណៈដែលអភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ត នៅព្រឹកថ្ងៃទី២៤ ខែមករា នេះ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាល ដើម្បីផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋ មានទីលំនៅអមតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចសង្កាត់វាលស្បូវ។

អភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ត បានឲ្យដឹងថា ការចុះផ្សព្វផ្សាយជូនដំណឹងនៅព្រឹកនេះ ក៏មានការធ្វើកំណត់ហេតុដើម្បីឲ្យអ្នកដែលរំលោភយកចិញ្ចើមផ្លូវដោយខុសច្បាប់ ធ្វើការផ្តិតមេដៃទទួលដឹងឮដោយទុករយៈពេល២អាទិត្យ ដើម្បីធ្វើការរុះរើទីតាំងសាងសង់ និងតូបដាក់លក់រួមទាំងការតសំយ៉ាប និងផ្ទាំងស្លាកយ៉ីហោផ្សេងៗចេញផងដែរ។

លោកបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ នឹងមានវិធានការរដ្ឋបាលចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់ នៅក្រោយឱសានវាទចូលមកដល់ ដោយគ្មានការលើកលែងឡើង។

ជាមួយគ្នានេះ លោក រស់ សុភ័ក្ត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលតែងតែរំលោភយកចិញ្ចើមផ្លូវសាធារណៈ ចូលរួមសហការជាមួយអាជ្ញាធរ ធ្វើការរុះរើ ដោយស្ម័គ្រចិត្ត ដើម្បីសោភ័ណភាពទីក្រុង និងចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកអភិបាលរងខណ្ឌ បានបន្ថែមថា ក្នុងនាមជាអាជ្ញាធរនឹងបន្តអនុវត្តវិធានការនេះ ជារៀងរហូតដរាបណាអាចរំដោះយកចិញ្ចើមផ្លូវអមបណ្តោយផ្លូវជាតិលេខ១មកវិញទាំងស្រុង។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែធ្នូថ្មីៗនេះ បានចេញសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានី ដោយទុករយៈពេលមួយខែដើម្បីឲ្យម្ចាស់ទីតាំង ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសំរួលទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមខ្លឹមសារខាងលើ។

ក្នុងសេចក្តីណែនាំក៏បានឲ្យដឹងទៀតថា ក្នុងករណីដែលម្ចាស់ទីតាំងមិនចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការបិទអាជីវកម្ម ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕