(ភ្នំពេញ)៖ អគ្គិភ័យ២ករណី ដែលកើតឡើងនៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដោយករណីទី១៖ ឆេះក្នុងការដ្ឋានសំណង់ក្រុមហ៊ុន STAR CITY ស្ថិតតាមណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី១ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ និងករណីទី២៖ ឆេះផ្ទះវីឡាក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ក្នុងប្រតិបត្តិការជួយសង្គ្រោះករណីអគ្គិភ័យទាំង២ទីតាំងនេះ ទាំងឡានទឹករបស់សមត្ថកិច្ច និងឡានទឹកជំនួយរបស់ក្រុមហ៊ុនឯកជន ប្រើប្រាស់ទឹកសរុបជិត៩០គ្រឿង។
បើតាមលោកនាយការិយាល័យរូបនេះ ករណីនៅក្រុមហ៊ុន STAR CITY ស្ថិតតាមណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី១ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ប្រភេទសំណង់ជារោងប្រក់សង្គ័សី ទំហំ២០ម៉ែត្រ គុណ៥ម៉ែត្រ បណ្ដាលឲ្យខូចខាតទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
សម្រាប់ករណីនេះ ឡានទឹករបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចេញអន្ដរាគមន៍ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន, រថយន្តជំនួយរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦០ឡាន, ក្រុមហ៊ុនស្រាបៀកម្ពុជា១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។
ដោយឡែកករណីទី២៖ ឆេះផ្ទះមួយកន្លែងកើតឡើងស្ថិតតាមណ្តោយផ្លូវលេខ១៩ ផ្ទះលេខ១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានម្ចាស់ឈ្មោះ គួន ហេង មុខរបរលក់កាហ្វេ ដែលមូលហេតុមកពីឆ្លងចរន្តអគ្គីសនី។ ប្រភេទសំណង់ដែលត្រូវភ្លើងឆេះ ជារោងប្រក់សង្គ័សីទំហំ៦ម៉ែត្រ គុណ១៦ម៉ែត្រ ខូចខាតទាំងស្រុងសម្ភារប្រើប្រាស់ផ្សេងៗ តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចប្រើប្រាស់ឡានទឹករបស់ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ជិត៩០ឡានទើបរលត់ទាំងស្រុង៕