(ស្វាយរៀង)៖ រថយន្តកុងទីន័មួយគ្រឿងខណៈកំពុងបើកបរលើផ្លូវជាតិលេខ១ សុខៗ ស្រាប់តែរបូតធ្លាក់ដែកបំពង់ទីបមួយដុំធំពីលើរថយន្ត បណ្ដាលឱ្យត្រូវចំអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ បាក់កដៃខាងឆ្វេង បានបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៏នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថា បុរសដែលរងរបួសមានឈ្មោះ យ៉ា សុជាតិ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកដី មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាស៊ីទី ពណ៌ក្រហម អត់ពាក់ស្លាកលេខ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុ មិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តកុងទីន័រ១គ្រឿង ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A-4491 និងកន្ទុយរឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-1396 នៅនឹងកន្លែង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តកុងទីន័រ មួយគ្រឿង ម៉ាក FUSO ពណ៌បៃតង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំនុចខាងលើ ក៏បានរបូតដែកបំពង់ទីប១ដុំពីលើរថយន្ត បណ្ដាលឱ្យប៉ះនឹងម៉ូតូ១គ្រឿងទៀត ដែលជិះមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ត្រូវដែកបុកចំកដៃខាងឆ្វេង រងរបួសធ្ងន់តែម្ដង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបររថយន្តកង់ទីន័ ផ្ទុកទំនិញខ្វះការប្រុងប្រយត្ន័។ បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជួនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។ រីឯមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសុំណុំរឿទៅតាមច្បាប់៕